2023-11-19 12:11
489

ភ្នំពេញ ៖    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងបើកម៉ូតូតាមផ្លូវត្រូវរថយន្តដឹកអេតចាយមួយគ្រឿងមិនចាំផ្លាកលេខបុកពីក្រោយ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ទៅ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនខាងលើនេះបើកម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GS-5606 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង ដឹកអេតចាយ មិនចាំផ្លាកលេខ បើកបរស្របទិសដៅគ្នាជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឱ្យដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញបានចុះមកស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកអត្តសញ្ញាណអ្នកបើកបរនិងផ្លាកលេខរថយន្តបង្កសម្រាប់ចាត់ការបន្តនៅពេលក្រោយ។

ចំណែកសពជនរងគ្រោះបុរសជនជាតិចិនត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕