2023-11-19 01:11
502

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិ អំណាចរបស់ការិយាឆ្លើយប្រជាពលរដ្ឋខេត្ត ជូនដល់សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថានពហុបច្ចកទេសខេត្តកោះកុង ។
ថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត នាងខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់ លោកគ្រូ-អ្នកគ្រូបច្ចេកទេស និងបងប្អូននិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង នាថ្ងៃនេះ។ ជួសមុខឱ្យរដ្ឋបាលខេត្ត នាងខ្ញុំសូមសំដែងនូវសេចក្តីរីករាយក្រៃលែងនិងអរគុណចំពោះលោកប្រធាន អនុប្រធាន និងមន្ត្រីបុគ្គលិកនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏ មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកទេសខេត្តកោះកុង ដែលបានសហការ យ៉ាងជិតស្និទ្ធ ជាមួយការិយាល័យប្រជាពលរដ្ឋខេត្តក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ។
លោក លោកស្រី ជាទីមេត្រី ! ឆ្លៀតឱកាសនេះ នាងខ្ញុំ សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការពង្រឹងតួនាទី ភារកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទទួលសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ចំណុចនេះ លោកស្រីអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តក៏បានបញ្ជាក់ជូនរួចហើយនាពេលអំបាញ់មិញនេះ។ តាមរយៈរបាយការណ៍នេះផងដែរ យើងឃើញថាការិយាល័យប្រជាពលរដ្ឋខេត្ត បានបំពេញការងារ ប្រកបដោយផ្លែផ្កាជាច្រើន។ លទ្ធផលទាំងនេះបានស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃការិយាល័យប្រជាពលរដ្ឋខេត្ត ក៏ដូចជាបញ្ជាក់អំពីកិច្ចសហការពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលដែនដីគ្រប់ថ្នាក់ផងដែរ។ ទោះបី យើងទទួលបានលទ្ធផលដូចបានរៀបរាប់ខាងលើ ក៏ការយល់ដឹងរបស់មន្រ្តីរាជការនិងប្រជាពលរដ្ឋអំពី តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ការិយាល័យប្រជាពលរដ្ឋ នៅមានកម្រិតនៅឡើយ។ ប្រការនេះ ទាមទារឱ្យមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថែមទៀតដល់អ្នកពាក់ព័ន្ធនានា និងសាធារណជនទូទៅ ឱ្យបានយល់ជ្រួតជ្រាប និងឈានទៅចូលរួមចំណែកទាំងអស់គ្នា ដើម្បីសម្រេចបាននូវគោលបំណងរួម ដែល រាជរដ្ឋាភិបាលបានដាក់ចេញ សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទៅលើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាយើង។ នៅពេលបន្តិចទៀតនេះ ការិយាល័យប្រជាពលរដ្ឋខេត្ត នឹងផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗនៃឯកសារពាក់ព័ន្ធនានា។ ហេតុដូច្នេះ ដើម្បីឲ្យដំណើរការនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ ទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ ខ្ញុំសូម ស្នើដល់សមាជិក សមាជិកាទាំងអស់ មេត្តាយកចិត្តទុកដាក់ ស្តាប់នូវខ្លឹមសារ នៃបទបង្ហាញនីមួយ។ ចំពោះចំណុចណា ដែលមិនទាន់យល់ច្បាស់ ត្រូវលើកឡើងជាសំណួរ ដើម្បីអ្នកសម្របសម្រួលអង្គប្រជុំ ជួយបំភ្លឺបន្ថែម ឱ្យយល់កាន់តែច្បាស់ទាំងអស់គ្នា។
ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យជូន គណៈអធិបតី និងសមាជិក សមាជិកា ទាំងអស់ សូមទទួលបន សេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យដំណើរការនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្ត ទៅឱ្យរលូន ស្របតាមកម្មវិធីដែលបានគ្រោងទុក។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់ លោកគ្រូ អ្នកគ្រូបច្ចេកទេស និងបងប្អូននិស្សិតមួយចំនួន នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕