2023-11-19 05:11
376

កំពង់ស្ពឺ៖  សមាជិកម្នាក់ក្នុងចំណោមក្រុមកីឡាប្រណាំងទូក បានបាត់ខ្លួនមិនទាន់រុករកឃើញនៅឡើយ គិតត្រឹមរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោយពីជួបឧបទ្ទវហេតុលិចទូកពេលមកដល់ទីព្រ័ត្រ ខណៈពេលនេះអាជ្ញាធ និងសមត្ថកិច្ចចម្រុះកំពុងស្វះស្វែងរកយ៉ាងយកចិត្តទុកដាក់ រហូតប្រើប្រាស់ក្រុមសង្គ្រោះមុជទឹករាវរកផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅក្រុមកីឡាករប្រណាំងទូកប្រភេទផ្កាចាចំណុះ ១២នាក់ បានលិចក្រោយពេលមកទីព្រ័ត្រ ហើយក្រុមកីឡាករត្រូវទឹកហូរធ្លាក់ទំនប់តាហួន។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងជួយសង្គ្រោះក្រុមកីឡាករទាំងអស់ឆ្លងផុតពីគ្រោះថ្នាក់ ១១នាក់ និងបានបាត់ខ្លួនកីឡាករស្វែងរកមិនឃើញ។

ក្រោយហេតុការណ៍បាត់ខ្លួននេះ ក្រុមគ្រួសារកីឡាករអុំទូកមានការភ័យព្រួយពីសុវត្ថិភាពរបស់ជនរងគ្រោះយ៉ាងខ្លាំង និងបានអំពាវឲ្យអាជ្ញាធរមានសមត្ថកិច្ចក្នុងស្វះស្វែងរកផងដែរ ប៉ុន្តែមិនទាន់មានពន្លឺនៅឡើយទេ។ ដោយសារតែភ័យព្រួយបារម្ភខ្លាំងក្រុមគ្រួសាររងគ្រោះក៏បានបង្ហោះចូលគ្រុមតេឡេក្រាម ដើម្បីបណ្តាញសារព័ត៌មានជួយចុះផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាកក្នុងស្វែងរកនោះទេ។

តាមប្រភពបានបង្ហើបថា កីឡាកររងគ្រោះមានឈ្មោះ វី សម្ផស្ស ហៅម៉ៅ រស់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ រាជធានីភ្នំពេញ អាយុជាង ២០ឆ្នាំ ពេលនេះអាជ្ញាធរកំពុងប្រើប្រាស់កម្លាំងសរុបក្នុងការស្វែងរក និងប្រើប្រាស់ក្រុមជំនាញមុជទឹកដើម្បីមុជរាវផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាមថា «ចំពោះករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចខិតខំប្រឹងប្រែងស្វែងរកណាស់កុំចេះតែនិយាយតាមអារម្ភពួកយើងខ្ញុំខំធ្វើការហើយចាំតែថាវាមិនល្អវាបំផ្លាញអ្នកខិតខំប្រឹងប្រែងធ្វើវិញទេ»។ លោកអភិបាលខេត្តបានបន្ថែមថា «ឃើញបងប្អូនមួយចំនួននិយាយបញ្ហានេះ ស្មានតែអាជ្ញាធរហ្នឹងសប្បាយ ឬចំពោះហេតុការណ៍បែបនេះ លោកក៏ដឹងថា បងប្អូនយើងមានការសោកស្តាយ ហើយអាជ្ញាធរហ្នឹងសប្បាយចិត្តចង់ឲ្យមានបញ្ហាអញ្ចឹងកើតឡើង»

ឯកឧត្តម​ វ៉ី សំណាង បានបញ្ជាក់ថា «ម្យ៉ាងទៀតមិនទាន់រកឃើញគាត់ និងមិនទាន់រកឃើញសាកសពហើយករណីបែបនេះធ្លាប់កើតមានច្រើនលើកច្រើនសារហើយរឿងបាត់ក្មេង...ប៉ុន្តែ ៣ឬ៤ថ្ងៃក្រោយឃើញគាត់មកវិញ។ ករណីនេះសូមបងប្អូនស្ងប់អារម្មណ៍ មិនមែនព្រលែងចោលទេ»

សូមបញ្ជាក់ថា ការបាត់ខ្លូនសមាជិកក្រុមកីឡាករអុំទូកនេះមិនទាន់ដឹងពីជោកវាសនារបស់គាត់រស់ ឬស្លាប់ទេ ប៉ុន្តែសង្ឃឹមមានសំណាងល្អគេចផុតពីគ្រោះថ្នាក់អាក្រក់មួយនេះ៕