2023-11-20 05:11
259

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម និងសារធាតុមិនច្បាស់ជាង ៦០គីឡូក្រាមថែមទៀត។ 

 ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ, ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

 ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩៖៣០នាទី ដោយទទួលព័ត៌មានពីតំណាងក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរពីភ្នំពេញទៅក្រុងហូជីមិញ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា កម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការត្រួតពិនិត្យឥវ៉ាន់បញ្ញើ មិនប្រក្រតីចំនួនពីរឡាំងក្រដាស់។

 បន្ទាប់ពីពិនិត្យរកឃើញកញ្ចប់ម្សៅពណ៌ស ជាសារធាតុញៀនប្រភេទ កេតាមីន ៥ថង់ទម្ងន់ ៩៩២ក្រាម និងសារធាតុរាវចំនួន ១០៤កញ្ចប់ ទម្ងន់ជាង៦០គីឡូក្រាម។ ដោយឡែកជនសង្ស័យទាំង៣នាក់រួមមាន៖ ឈ្មោះ ង្វៀង វ៉ាន់ហ៉ីប ភេទប្រុស កើតឆ្នាំ២០០០, ឈ្មោះ ង្វៀង វ៉ាន់ធឹង ភេទប្រុស កើតឆ្នាំ២០០១ និង ឈ្មោះ ង៉ូ វីហ្វឿង ភេទប្រុស កើតឆ្នាំ២០០០។ 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕