2023-11-20 05:11
257

 (ភ្នំពេញ)៖   ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ​រដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

 លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង៦៤% នៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺទឹកនោមផ្អែម គឺជាមូលហេតុផ្ទាល់នៃការស្លាប់ ដែលមានចំនួន ១,៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម៧០ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩។

 លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបន្ដថា ជំងឺទឹកនោមផ្អែមនៅកម្ពុជា គឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ នៅកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព ២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់ ៩.៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។

 លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានបន្ថែមថា «យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង៦៤% នៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន ១,៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម៧0ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩ នៅទូទាំងពិភពលោក។

 រដ្ឋមន្ត្រីសុខាភិបាលបានសង្កត់ធ្ងន់ថា កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទំលាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទំលាប់មិនបានបញ្ចេញពលកម្ម ឫធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។ ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។

 ការព្យាបាលជំងឺទឹកនោមផ្អែម គឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបាន តាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។

 ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវជំរុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង។

 ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានអំពាវនាវលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យដែលនៅជិតបំផុត។

 សូមជម្រាបថា គោលបំណងចំបងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំនេះគឺ៖

  ១៖ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ការបង្ការ និងការព្យាបាលទាន់ពេលវេលា

  ២៖ លើកទឹកចិត្តបុគ្គលដែលមានហានិភ័យក្នុងការស្វែងរកការធ្វើតេស្តរកជំងឺទឹកនោមផ្អែម

  ៣៖ ជំរុញការផ្លាស់ប្តូរ ឥរិយាបទតាមរយៈការផ្លាស់ប្តូរទម្លាប់ និងសកម្មភាពផ្ទាល់ខ្លួន ឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្អ៕