2023-11-20 06:11
288

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដឹកនាំដោយលោក នួន ផារ័ត្ន និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ពីវឌ្ឍនភាពការងារអនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់ កីឡាករអ៊ុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា។កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋបាលខេត្ត កងទ័ពជើងគោក កងទ័ពជើងទឹក​ 

 កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

  *គ្រប់ខេត្តបានឯកភាពតាមប្លង់​ ដែលកំណត់ដោយក្រុមការងារ​សាលារាជធានីភ្នំពេញ

  *មន្ទីររៀបចំដែនដី​ នគរូបនីយ៍កម្ម​ និងសំណង់រាជធានីភ្នំពេញ ត្រូវ​សិក្សាបន្ថែមលើចំណតដាក់ឡានរបស់ខេត្តនីមួយៗ​ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសម្ភារ និងស្បៀង

  *ក្រុមការងារត្រូវបន្ថែមបន្ទប់ទឹកឱ្យបានគ្រប់គ្រាន់​ និងពិនិត្យមើលអគ្គិសនីឱ្យបានម៉ត់ចត់

  *ឯកភាពលើការស្នើសុំរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី​ និងរដ្ឋបាលខេត្តតាកែវ​ ដោយឱ្យសំចតទូក នៅទីតាំងផែថ្ម រាជធានីភ្នំពេញ​ ដោយអ្នកស្នើសុំត្រូវទទួលខុសត្រូវខ្លួនឯង

  *អង្គប្រជុំសម្រេចនឹងចុះពិនិត្យបន្ថែមលើទីតាំងផ្ទាល់នាថ្ងៃសុក្រ​ ទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង៩:០០ព្រឹក។

 ជាចុងបញ្ចប់ កិច្ចប្រជុំបានណែនាំ​ និងសំណូមពរដល់​ គ្រប់ខេត្តទាំងអស់​សហការឱ្យបានល្អ​ ជាពិសេសត្រូវយកចិត្តទុកដាក់រឿងអនាម័យ​ វេចខ្ចប់សំរាមឱ្យបានល្អ​ ដើម្បីងាយស្រួលក្រុមការងារ​ក្នុងការប្រមូល៕