2023-11-21 02:11
276

ភ្នំពេញ៖ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅត្រង់ចំណុចមុខវត្តឫស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញយុវជនម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនបានជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញត្រូវបានក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពធាក់ផ្តួលនិងដកកាំបិតគំរាមកាប់ រួចប្លន់យកម៉ូតូបានសម្រេច ជិះគេចខ្លួនបាត់ស្រមោល ។

 តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KH-1465 ចេញពីធ្វើការនៅម្ដុំផ្សារឈូកមាសក្នុងគោលបំណងទៅផ្ទះនៅម្ដុំចំការដូង ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមជនសង្ស័យបួននាក់ជិះម៉ូតូ ពីរគ្រឿងបានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូគាត់ឱ្យដួលទៅលើថ្នល់ រួចបក្សពួកជនសង្ស័យបានលើកជិះគេខ្លួន។ជនរងគ្រោះបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យក៏បានជិះទៅបុកខឿនផ្លូវបណ្ដាលឱ្យដួល ឃើញដូច្នេះរូបគាត់ក៏រត់ទៅបម្រុងយកម៉ូតូរបស់ខ្លួនមកវិញ  ស្រាប់តែក្រុមជនសង្ស័យបានទាញកាំបិតប័ុងតោដេញគំរាមកាប់មកលើរូបគាត់ធ្វើឱ្យរូបគាត់ភ័យស្លន់ស្លោរត់យករួចខ្លួន ជាឱកាសឱ្យជនសង្ស័យលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

 ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕