2023-11-22 04:11
286

រាជធានីភ្នំពេញ៖    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយ មានប្រាក់ឈ្នួលនាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃ គឺថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។

កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ឬនាយក សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗ ខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេង ទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ២៤៣/២២ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាននិង កម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕