2023-11-23 05:11
237

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់ផ្តើមរៀបចំពិធីប្រណាំងទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ប្រគុំតន្ត្រី និងការដាក់តាំងលក់ផលិតផលដើម្បីបង្កការសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋបានចូលទស្សនាកម្សាន្ត រយៈពេល២ថ្ងៃ នៅបឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។

ពិធីបើកការប្រណាំងទូកនាព្រឹកនេះ បានធ្វើឡើងក្រោមវត្តមានលោក គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តព្រមទាំងកងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៩ និងប្រជាពលរដ្ឋជាច្រើនរយនាក់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី បានជូនដំណឹងថាប្រណាំងទូកមានរយៈពេល២ថ្ងៃ (នៅថ្ងៃទី២៣-២៤)ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមាន៖
*នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨៖៣០នាទីព្រឹកតទៅ ដំណើរការប្រណាំងទូក
*នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក បន្តប្រណាំងទូក និងនៅរសៀលម៉ោង១៦៖០០នាទី ពិធីប្រគល់ពានរង្វាន់ជ័យលាភី។

ពិធីនេះក៏មានការតាំងពិព័រណ៍បង្ហាញផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ(នៅថ្ងៃទី២៣-២៥)ខែវិច្ឆិកា ឆ្នាំ២០២៣,បណ្តែតប្រទីប និងបង្ហោះគោម ធ្វើឡើងរាល់រាត្រីចាប់ពីម៉ោង១៩៖០០នាទីយប់ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ, ការបាញ់កាំជ្រូច ធ្វើឡើងនៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង១៩៖០០នាទីយប់តទៅ។

សូមបញ្ជាក់ថា តាមការឲ្យដឹងពីប្រធានអនុគណៈកម្មការប្រណាំងទូក «ង» ពីធីបុណ្យអុំទូកឆ្នាំនេះនៅបឹងកន្សែងក្រុងបានលុង ខេត្តរតនគិរីឆ្នាំនេះមានទូកចូលរួមប្រណាំងសរុប៣៦ (នារី៣ទូក) មានកីឡាករ៣១២នាក់, កីឡាការិនី (នារី២៩នាក់)។

រដ្ឋបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា កម្សាន្តពិធីប្រណាំងទូកនៅខេត្តរតនគិរី រយៈពេល២ថ្ងៃនេះ ឲ្យបានច្រើនកុះករ៕