2023-11-23 05:11
276

(កែប) ៖    នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះអាជ្ញាធរស្រុកដំណាក់ចង្អើរបានត្រៀមលក្ខណៈរួចរាល់ទទួលភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ក្នុងឱកាសព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ១០ ជុំទី៣ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកែប នាថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ កាន់តែកៀកមកដល់ រដ្ឋបាលខេត្តកែបបានត្រៀមរួចរាល់ និងរៀបចំសន្ដិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តាគោលដៅទេសចរណ៍នានា ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលចូលមកកម្សាន្ដនៅក្នុងខេត្តកែប។

នៅក្នុងឱកាសនោះរដ្ឋបាលស្រុកដំណាក់ចង្អើរ ក៏បានរៀបចំបណ្តារម្មណីយដ្ឋាននានា ជាពិសេសឆ្នេរអង្កោលតែម្តង ដើម្បីត្រៀមទទួលអ្នកទេសចរនាឱកាសនោះ។
ទន្ទឹមជាមួយគ្នានោះដែរ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានលើកឡើងបន្តឱ្យដឹងដែរថា ក្នុងស្រុកដំណាក់ចង្អើរមានតំបន់ទេសចរណ៍ដែលកំពុងតែមានសក្កានុពលធម្មជាតិស្រស់បៃតងនិងបានត្រៀមលក្ខណៈដើម្បីទទួលភ្លៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងពេលបុណ្យសមុទ្រនិងឆ្លងឆ្នាំសកលខាងមុខនេះដែរ។


លោកឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរក៏បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ភ្ញៀវទេសចរ ដែលមកលម្ហែលេងកម្សាន្តនៅឆ្នេរអង្កោលនាឱកាសបុណ្យសមុទ្រនិងឆ្លងឆ្នាំសកល និងមិនមាននៅការបង់ថ្លៃទេ ក្នុងនោះដែរលោកក៏សូមឲ្យអាជីវករទាំងអស់ត្រូវលក់ដូរប្រកប ដោយភាពត្រឹមត្រូវ ចូលរួមគោរពច្បាប់ ស្រឡាញ់បរិស្ថាន និងត្រូវចេះវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។(សឹង រ៉ាត់)