2023-11-23 05:11
252

ខេត្តសៀមរាប៖ នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតី ភាព លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលផកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានវត្តមានចូលរួមពីលោកកែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន,លោក អឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន និងមន្ទីរជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សហភាពសម្ព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន៥០០នាក់។

ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស។ 

ជាមួយគ្នានេះដែរ កម្មវិធីនេះ ក៏មានការចូលរួមស្រែកជ័យឃោស ដើម្បីផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើពាក្យស្លោកថា៖
«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» 
«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» 
«លាហើយប្លាស្ទិក» 
ដោយឡែក កាលពីរសៀលថ្ងៃទី២២ វិច្ឆិកា នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន និងវិទ្យាល័យហ៊ុន សែន ស្វាយធំ បានដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ជានិមិត្តរូប រួមនឹងការរៀបចំកម្មវិធីសំណួរចម្លើយយ៉ាងផុសផុលពីសិស្សានុសិស្សទាក់ទងនឹងការគ្រប់គ្រងសំណល់ និងធនធានធម្មជាតិ ផងដែរ៕