2023-11-23 07:11
316

នៅថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន១,៩៥៧គ្រួសារ ក្នុងនោះ 

-ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ

-ស្រុកមោងឫស្សី ចំនួន ៤៥៥ គ្រួសារ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់ គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមបានបន្តទៀត ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។ 

ឯកឧត្តមបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ ។

ឯកឧត្តម បានមានប្រសាសន៍ណែនាំអំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការ នៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព ។ ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន ៕