2023-11-24 12:11
231

ខេត្តប៉ៃលិន៖ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកាល័យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី និងលោក ហុក សុផល អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តប៉ៃលិន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តប៉ៃលិន។ 

ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តប៉ៃលិន លោក ហុក សុផល បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានាដែលបានដាក់ចុះកន្លងមក ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។ 

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តប៉ៃលិនស្របតាមគោលការណ៍ណែនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស ដើម្បីឆ្លើយតបទៅនឹងឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនចំពោះសុខុមាលភាពប្រជាពលរដ្ឋ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គម  លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានធ្វើការណែនាំបន្ថែមដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តប៉ៃលិនដូចខាងក្រោម ៖

១. បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។ 

២. ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានស៊ីជម្រៅដល់គ្រប់ស្រទាប់មហាជន គ្រប់វេទិការសារធារណៈរបស់ខេត្ត ក្រុងស្រុង ឃុំសង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដារ ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន  រម្មនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា។

៣. បន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។

៤. ត្រូវយកចិត្តទុកដាក់ពិនិត្យ តាមដាន ឃ្លាំមើលគ្រប់ទីតាំង ដែលមានការសង្ស័យអាចលួចកែច្នៃផលិតសារធាតុញៀន ដូចជា ឃ្លាំង ឬកសិដ្ឋានដាច់ស្រយាល នៅក្បែរតំបន់ព្រៃភ្នំ និងទាក់ទងអោយជិតស្និតជាមួយប្រទេសជាប់ព្រំដែន។

៥. ត្រូវបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍។

៦. ត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌលនិងត្រូវបែងចែកអ្នកញៀនកម្រិតដំបូងគួរណែនាំ និងបញ្ជូនទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពដែលមានផ្តល់សេវាប្រឹក្សា និងព្យាបាលអ្នកញៀនគ្រឿងញៀន។

៧. ត្រូវពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការល្អជាប្រចាំជាមួយខេត្តជាប់ព្រំដែន ក្នុងនោះស្រុក និងស្រុក មន្ត្រីអនុវត្តច្បាប់ជួរមុខ និងមន្ត្រីអនុវត្តច្បាប់ជួរមុខដែលបម្រើការងារនៅតំបន់ព្រំដែន នៃប្រទេសជិតខាង ពិសេសតាមរយៈការប្រើប្រាស់យន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLO)៕