2023-11-24 01:11
270

ខេត្តក្រចេះ ៖   រសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងណែនាំដល់គណៈកម្មការគ្រប់គ្រងទូក ង ដែលត្រូវចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។ សម្រាប់ខេត្តក្រចេះ មានទូក ង ចំនួន ២០ទូក ក្នុងនោះមាន ទូកខ្នាតពិសេសចំនួន ៤ទូក និងទូកខ្នាតអន្តរជាតិចំនួន ១៦ទូក ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់គណៈកម្មការដឹកនាំទូក ង ត្រូវត្រៀមលក្ខណៈដើម្បីដឹកជញ្ជូនក្រុមកីឡាករតាមរថយន្ត និងអូសសណ្ដោងតាមផ្លូវទឹក ទៅរាជធានីភ្នំពេញឲ្យបានល្អ នឹងមានសុវត្ថិភាព ហើយនៅពេលមកដល់ភ្នំពេញ ក្រុមការងារនិងគណៈកម្មការត្រូវយកចិត្តទុកដាក់លើការស្នាក់នៅហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករ ។

ម្យ៉ាងវិញទៀត គណៈកម្មការ និងក្រុមកីឡាករទូក ង ត្រូវគោរពវិន័យបទបញ្ជា មានការឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក គឺត្រូវខិតខំហ្វឹកហាត់ និងរួមកម្លាំងគ្នាដើម្បីធ្វើយ៉ាងណាឲ្យទូក ង កាន់តែលឿនដើម្បីយកជ័យជម្នះនាំកិត្តិយសជូនខេត្ត និងហាមដាច់ខាតមិនត្រូវពិសារគ្រឿងស្រវឹង ។ 

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានប្រគល់នូវគ្រឿងបិរភាប និងថវិកា ដល់ទូកខ្នាតពិសេសទាំង ៤ទូក ក្នុង១ទូក ទទួលបានថវិកា ៣,០០០,០០០រៀល ភេសជ្ជៈ១៥កេស មី១៥កេស អង្ករ២៥០គីឡូក្រាម និងទូកខ្នាតអន្តរជាតិក្នុង ១៦ ទូក ទទួលបានថវិកាចំនួន ១,០០០,០០០រៀល ភេសជ្ជៈ៥កេស មី ៥កេស និងអង្ករ១០០គីឡូក្រាម ៕
ណូរិទ្ធ (ក្រចេះ)