2023-11-24 04:11
271

(សៀមរាប)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

លោករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណជូនចំពោះលោកស្រីរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី២៨ នៅកម្ពុជា។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរបស់ភាគីឡាវ ក្នុងអាណត្តិកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ២០២៣នេះ ដោយសម្រេចបានជោគជ័យ និងនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀតសម្រាប់គណៈកម្មការទន្លេមេគង្គ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ឡាវ និងកម្ពុជាជាបងប្អូន និងជាប្រទេសជិតខាងល្អនឹងគ្នាតាំងពីយូរមកហើយ។ ប្រទេសទាំងពីរស្ថិតក្នុងអាងទន្លេមេគង្គរួមគ្នា ដោយធ្វើការរួមគ្នា និងធ្វើកិច្ចសហការជាមួយប្រទេសផ្សេងទៀតនៅតាមដងទន្លេ ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់មេគង្គ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាប្រឈមដែលបាននិងកំពុងតែកើតមានឡើងនៅក្នុងអាងទន្លេមេគង្គ ដូចជា កំណើនប្រជាជន កំណើននៃការអភិវឌ្ឍ កំណើននៃតម្រូវការទឹក ស្បៀង និងថាមពល និងការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យប្រទេសជាសមាជិកបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការល្អថែមទៀត។

លោករដ្ឋមន្ត្រីបានថ្លែងនូវការសាទរចំពោះភាគីឡាវដែលបានរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ បានដោយជោគជ័យ កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ ដោយបានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសម្រាប់បណ្តាប្រទេសក្នុងអាងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលទន្លេមេគង្គជួបប្រទះ និងរួមគ្នាធ្វើឱ្យអាងទន្លេមេគង្គមានសន្តិសុខទឹក និងមានចីរភាព ព្រមទាំងផ្តល់ផលប្រយោជន៍ជានិរន្តរ៍សម្រាប់បណ្តាប្រទេស និងប្រជាជនក្នុងអាងទន្លេ រួមទាំងប្រទេសឡាវ និងកម្ពុជា។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហររបស់កម្ពុជា ដើម្បីបន្តធ្វើការជាមួយប្រទេសឡាវ និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀតក្នុងក្របខណ្ឌទន្លេមេគង្គតែមួយ ស្មារតីមេគង្គតែមួយ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ របស់គណៈកម្មការទន្លេមេគង្គ ឆ្ពោះទៅសម្រេចបាននូវលទ្ធផលដែលជាបំណងប្រាថ្នារួមគ្នា។

ជំនួបពិភាក្សាទ្វេភាគីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងមេត្រីភាព ដោយភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈ ដើម្បីជំរុញគម្រោងសហប្រតិបត្តិការនានា ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គឱ្យចេញជារូបរាង និងសម្រេចបានលទ្ធផល ជាមួយការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ឡាវ ជាពិសេសរវាងក្រសួង និងក្រសួងឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕