2023-11-25 10:11
302

សៀមរាប៖ យន្តហោះខ្នាតធំ «Boeing ៧៧៧-២០០» លើកទី១ បានហោះត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានមកចុះចចតក្នុងព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប នៅយប់ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដឹកអ្នកដំណើរ ចំនួន ២០៨នាក់ និងក្រុមហោះហើរ ចំនួន ១៦នាក់ សរុប ២២៤នាក់ និងហោះចាកចេញពីសៀមរាបវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខនេះ។ 

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្រុមការងារបានរៀបចំពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ២០៨នាក់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះ ហើរត្រង់ពីទីក្រុងស៊ីដនីយ៍(Sydney) នៃប្រទេសអូស្ត្រាលី (Australia) ដោយប្រើប្រាស់អាកាសយានធុនធំ (Wide-Body Aircraft) ប្រភេទ ប៊ូអ៊ីង (Boeing) ៧៧៧-២០០ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ព្រមទាំង ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ 

សូមជម្រាបថា អាកាសយានដ្ឋានដ៏ថ្មីស្រឡាងនេះ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

អាកាសចរណ៍ស៊ីវិលកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាព អាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។ 

ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរត្រូវបានរៀបចំឡើងតាមលក្ខណៈប្រពៃណីជាតិ និងអន្តរជាតិ តាមរយៈការបាញ់ទឹកទទួលស្វាគមន៍អាកាសយាន ជូនបាច់ផ្កា និងក្រម៉ាដល់អ្នកដំណើរតាមផ្លូវអាកាស គ្រប់ៗគ្នា ទាំង២០៨នាក់ និងក្រុមអាកាសយានិក ចំនួន ១៦នាក់ ផងដែរ៕