2023-11-25 12:11
293

ភ្នំពេញ ៖ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងលោកវេជ្ជបណ្ឌិតម្នាក់អោយមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថបានចាប់ខ្លួនគាត់បញ្ជូនមកតុលាការពាក់ព័ន្ធអំពើល្មើសសុីដាច់ប្រាក់ជាង១៤មុឺនដុល្លារពីបុគ្គលមួយចំនួនដែលចង់ចូលបំរើការងារជាគ្រូពេទ្យស្ម័គ្រចិត្ត ។

   នេះបើយោងតាមការផ្ថល់ព័ត៌មានពីសំណាក់លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកប្លង់ សុផល បានបញ្ជាក់តាមតេឡេក្រាមកាលពីល្ងាចថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ២០២៣ ថា « សំណុំរឿងនេះ( ជនជាប់ចោទឈ្មោះ សុខ ប៉ ) តំណាងអយ្យការបានសម្រេចដោះលែងអោយគាត់មានសេរីភាពវិញ ប៉ុន្តែសំណុំរឿងនៅបន្តការស៊ើបអង្កេតលើចំណុចមួយចំនួនមុននិងឈានដល់ការសម្រេចចុងក្រោយក្នុងរឿងក្ដីនេះ » ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់គេរត់ការចូលក្រមខ័ណ្ឌគ្រូពេទ្យស្ម័គ្រចិត្ត ជាង១៤ ម៉ឺនដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៉ ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ វេជ្ជបណ្ឌិ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យមានមិត្តភក្តិជិតស្និតម្នាក់ រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់តំណាក់កាលផ្ទុះជម្ងឺរាតត្បាតកូវីដ-១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យ ឲ្យជួយរត់ការកូនក្មួយ៤ នាក់ចូលបម្រើការងារជាគ្រូពេទ្យស្ម័គ្រចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត នៅមន្ទីរពេទ្យព្រះកុសមៈ២ នាក់ មណ្ឌលសុខភាពជើងគោក២ នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តសេនាពិជ័យ ទៀ បាញ់ ចំនួន២១ នាក់ ។ 

ការពឹងពាក់ខាងលើនេះដើមបណ្តឹងបានប្រគល់ប្រាក់ ឲ្យទៅជនសង្ស័យតាមតំណាក់កាល ក្នុងម្នាក់ចាប់ពី ៣៥០០ដុល្លារ ដល់ទៅ ៨ ០០០ ដុល្លារ សរុបទាំងអស់ចំនួន ១៤១ ៧០០ ដុល្លារអាមេរិក ។ ក្រោយពេលប្រគល់និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យា ឬដែលហៅថាការពឹងពាក់នោះទេ ខណៈម្ចាស់លុយសួរនាំជនសង្ស័យចេះតែឆ្លើយដោះសាររហូត ។ 

ការសន្យាឬការពឹងពាក់នោះបានក្លាយជាការសន្យាខ្យល់ ដូច្នោះដើមបណ្តឹងក៏បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទគេចវេសទៀតផង ។ ដោយមើលឃើញទង្វើដែលគួរលែងឲ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

ចំណែកជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់នេះ  ដោយអះអាងថា ខ្លួនមិនបាននៅជំពាក់លុយថ្លៃរត់ការទេ ។ 
លុះក្រោយមកជនសង្ស័យបានត្រូវបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបើកការស៊ើបសួរ ប៉ុន្តែបានតែ២ថ្ងៃប៉ុណ្ណោះស្រាប់តែជនសង្ស័យត្រូវបានដោះលែងវិញ ធ្វើអោយបុគ្គលមួយចំនួនដែលយកពងមាន់ទៅផ្ញើរក្អែកដើម្បីបានចូលបំរើការងារខកចិត្តជាអនេកប្បការ ៕