2023-11-26 02:11
205

ខេត្ត​ព្រះវិហារ៖ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ​ មន្រ្តីឧទ្យានុរក្ស​ប្រចាំស្នាក់ការ​ នៃការិយាល័យដែនជម្រកសត្វព្រៃ​តាមបណ្ដាខេត្ត​នានា បានបន្តចុះល្បាតក្នុងមូលដ្ឋាន​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​។ 

 ក្រសួងបរិស្ថាន​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ នៃការិយាល័យដែនជម្រកសត្វព្រៃឆែប-ព្រះរការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានចុះល្បាតទៅចំណុច ត្រពាំងគគីរ ជាំរៃ ជាំខ្ទីង ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត និង មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការត្រពាំងព្រីង ក៏បានចុះល្បាតទៅចំណុច អូរកណ្តាល ព្រៃបាល័ង្គ ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

 ក្នុងថ្ងៃជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង នៃការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចុះល្បាតដល់ចំណុចត្រពាំងអំពិល ស្ថិតនៅភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្ត និងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអន្ទឹល បានចុះល្បាតដល់ចំណុចដីបែក ស្ថិតនៅភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ។ 

មន្រ្តីឧទ្យានុរក្សស្នាក់កាដំបូកខ្មៅ នៃការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក៏បានចុះល្បាតដល់ចំណុច អូរភ្នំរាប ស្ថិតក្នុងភូមិ ក្រាំងដូង ឃុំ ព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

 ជាមួយគ្នានេះ​ នៅថ្ងៃដដែល​នេះ​ មន្រ្ដីឧទ្យានុរក្ស តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បានសហការជាមួយសហគមន៍ព្រៃធំពពេល ចុះល្បាតនៅចំណុចស្រះដំរី និងចំណុចផ្លូវអន្លង់ជើងចាប ស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ និងមន្រ្ដីឧទ្យានុរក្ស តំបន់ដែនជម្រកសត្វព្រៃបឹងពែរ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ ចុះល្បាតនៅចំណុចព្រៃភូមិគួយ ស្ថិតនៅក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

 ចំណែក​មន្រ្ដីឧទ្យានុរក្ស តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចុះល្បាតនៅចំណុចខាងត្បូងចាក់ជ្រៃ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ និងមន្រ្ដីឧទ្យានុរក្ស តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក៏បានចុះល្បាតនៅចំណុចហុងស្ពង់ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ 

 ដោយឡែក មន្ត្រីទទួលបន្ទុករួមដែនជម្រកសត្វព្រៃព្រៃឡង់ និងមន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកាថ្មីៗនេះដែរ បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិប្រាសាទភ្នំក្រៀល បានចុះល្បាតនៅក្នុងព្រៃសហគមន៍ប្រាសាទភ្នំក្រៀលទៅដល់ចំណុចអូរសោម ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន និងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ក៏បានចុះល្បាតព្រៃដល់ចំណុច ត្រពាំងអំពិល ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារផងដែរ៕