2023-11-26 03:11
223

ខេត្តពោធិ៍សាត់ ៖ លោក ថៃ សីលាលីតា  នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកក្តិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះថា លោកបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការ​ជាមួយសមត្ថកិច្ចមូលដ្ឋាននិងកងកម្លាំងថ្នាក់ជាតិឈរជើងប្រចាំការនៅបឹងទន្លេសាប ចុះល្បាតទប់ស្កាត់និងបង្រ្កាប​បទល្មើស​នេសាទខុសច្បាប់​ស្ដីពី​ជលផល ប្រភេទឧបករណ៍កែច្នៃ(របាំងសាច់អួន)ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាងនិងចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិ(បឹងទន្លេសាប)វិញផងដែរ ។​

    លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផល​ខេត្តពោធិ៍សាត់ឱ្យដឹងទៀតថា ករណី​ល្បាត ស្រាវជ្រាវ និងបង្រ្កាប​បទល្មើស​នេសាទ​ខាងលើបានប្រើប្រាស់កម្លាំងប្រមាណ៣០នាក់ មធ្យោបាយ​(កាណូត)០៥គ្រឿង នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ម្ដុំអូរសែកដល់ក្អមសំណ ស្ថិតក្នុងភូមិ​ដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។​

    លោកបញ្ជាក់ទៀតថា លទ្ធផលគឺបានបំផ្លាញចោលនូវឧបករណ៍កែច្នៃ(របាំងសាច់អួន)ចំនួន១៧កន្លែង ស្មើ​នឹង​ចំនួន​១៧ខ្សែ ដែលមានប្រវែងប្រមាណចំនួន២៨០០ម៉ែត្រ ក្បាលរបាំងសាច់អួន(បរ)ចំនួន៣២គ្រឿង បង្គោលចម្រឹងចំនួន​២០០ដើម ថែមទាំង​ចាក់លែងត្រីល្អិតៗចម្រុះចំនួន​១៥០គីឡូក្រាមផងដែរ ។ លោក បញ្ជាក់បន្ថែមទៀតថា ករណី​បង្រ្កាប​ខាងលើ ចប់ពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ ក្រុមរបស់លោកនឹងបន្តចុះបង្រ្កាបតទៅទៀត ។​

    ប្រភពផ្សេងៗលើកឡើងស្រដៀងៗគ្នាថា ទោះជាសមត្ថកិច្ចបង្រ្កាបបែបនេះក្ដី ក៏បទល្មើសនេសាទមិនថមថយនៅឡើយនោះទេ។ ឧបករណ៍​ចាប់ត្រី​ប្រភេទ​(របាំងសាច់អួនក្រឡាល្អិតៗ)ខាងលើនេះ មានច្រើនខ្សែហើយវែងៗណាស់(រាប់សិបគីឡូម៉ែត្រ) ។ ម្យ៉ាង​ទៀត សមត្ថកិច្ច​ភាគច្រើន​បង្រ្កាប​កាត់យកតែក្បាលបរ(ចាប់ត្រី)យកទៅបាត់ ឡាញឬសាច់របាំងពុំសូវបំផ្លាញចោលនោះទេ ហើយជួនកាលពួកជនប្រព្រឹត្តយកលុយទៅលោះយកក្បាល(បរ)នោះមកវិញដាក់បានដដែល។ ចំណុចនេះហើយដែលពុំសូវមានប្រសិទ្ធភាពនោះ