2023-11-26 04:11
266

ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីយោធាដែលអួតអាងខ្លួនមានខ្សែអ្នកធំបានប្រើអំពើហិង្សាវាយលើសន្តិសុខយាមបុរី ពិភពថ្មី បែកមុខ និងគំរាមបាញ់មន្ត្រីនគរបាលចុះអន្តរាគមន៍ មិនតែមិនប៉ុណ្ណោះក្រោយពេលសមត្ថឃាត់ខ្លួនយកទៅសួរនាំបន្ទោបង់ពេញស្នាក់ការប៉ូលិសថែមទាំងគំរាមដកនគរប៉ុស្តិ៍ចោលទៀតផង។

 មន្ត្រីយោធាទំនើងវាយសន្តិសុខយាមបុរី និងគំរាមកំហែងបាញ់លើកកម្លាំងនគរបាលមានឈ្មោះ ហ៊ូ សុធា អាយុ ៥២ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ ៤៧ឆ្នាំ ជាសន្តិសុខយាមបុរី ពិភពថ្មី ត្រពាំងថ្លឹង ស្នាក់នៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ជាមួយគ្នា។

 តាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ ៣៤ឆ្នាំ មុខរបរ សន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១និង០០នាទី ពេលកំពុងយាមនៅច្រកចូល បុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយបុរសម្នាក់បានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។

 សន្តិសុខរូបនេះ បានបន្តទៀតថា ឃើស្ថានភាពបែបនេះ ក៏បានរាយការណ៍ទៅប្រធានសន្តិសុខតាមប្រព័ន្ធវិទ្យុទាក់ទង (ICOM) ពេលនោះជនរងគ្រោះឈ្មោះ អ៊ុម កួក កំពុងតែជិះម៉ូតូល្បាតក្នុងបុរីបានជិះម៉ូតូមកដល់កន្លែងកើតហេតុ និងបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។

 អ្នកបើកបររថយន្ត TUNDRA បានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើរថយន្តកាន់ពិលដេញវាយជនរងគ្រោះ និងគប់ពិលចំចិញ្ចើមខាងឆ្វេងបណ្តាលឲ្យបែករយៈហូរឈាម។

 ក្នុងករណីហិង្សា និងគំរាមបាញ់នេះ កម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍ជនសង្ស័យបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបន្ត។

 បច្ចុប្បន្នមន្ត្រីយោធាក្រអើតក្រទមអួតអាងជាខ្សែថ្នាក់ដឹកនាំសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ខណៈមានការអត្តរាគមន៍ខ្វាត់ដើម្បីដោះលើបុគ្គលទំនើងអាងអំណាច និងឥទ្ធិពលរូបនេះ៕