2023-11-27 11:11
237

ខេត្តព្រះសីហនុ៖ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី (Russian Pacifice Fleet’s Ships)ចំនួន ០១គ្រឿង កាលពីថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ។

ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា របសនាវាកងទ័ពជើងទឹកសហព័ន្ធ រុស្ស៊ីនាពេលនេះ ក្នុងគោលបំណង នៃដំណើរទស្សនកិច្ច គឺការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ក៏ដូចជាការបំពេញការផ្គត់ផ្គង់ និងដំណើរទស្សនកិច្ចរបស់នាវិក សម្រាប់រយៈពេល ៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣។

ចំពោះលក្ខណៈបច្ចេកទេសនាវាកងទ័ពជើងទឹករុស្ស៊ី Admiral Panteleev (548) ជាប្រភេទនាវាប្រឆាំងនាវាមុជទឹកដ៏ធំ មានទំងន់ផ្ទុក ៧ ៥៩៥ តោន មានប្រវែង ១៦២,៨ ម៉ែត្រ ទទឹង១៩.០២ ម៉ែត្រ និងជម្រៅទឹក ៦.២ម៉ែត្រ ដែលមាននាវិកសរុបចំនួន ៣៨៨នាក់ ក្នុងនោះ (នាយនាវី ៣៨នាក់ និងនាវិក ៣៥០នាក់) ដឹកនាំដោយមេបញ្ជាការនាវាលោក វរនាវីទោ Roman Mokhov ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មេបញ្ជាការនាវាមានគម្រោងចូលជួបសម្ដែងការគួសមជាមួយមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលជួបសម្តែងការគួរសមអ្នកគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលសម្តែងការគួសមជាមួយលោកអភិបាលក្រុងព្រះសីហនុ និងបើកឱ្យប្រជាជនរុស្ស៊ី គ្រូបង្រៀន និងសិស្សានុសិស្សកម្ពុជាចូលទស្សនា នាវាកងទ័ពជើងទឹករុស្ស៊ី ព្រមទាំងមានកម្មវិធីប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា កងទ័ពជើងទឹករុស្ស៊ីផងដែរ៕