2023-11-27 12:11
229

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវដេញកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣មួយគ្រឿងបានសម្រេច និងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជិតខាងដឹកតាមរុឺម៉កយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរុស្ស៊ី ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា ពេលកើតហេតុមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានជិះម៉ូតូមិនស្គាល់ម៉ាកជាច្រើនគ្រឿងដេញកាប់ប្លន់ទៅលើបុរសរងគ្រោះម្នាក់ពុំដឹងថាមកពីចំណុចណានោះទេ លុះជិះមកដល់ចំណុចផ្លូវបេតុងគេហៅផ្លូវប្រឡាយបារាំង (កន្លែងកេីតហេតុ)ស្រាប់តែក្រុមជនសង្ស័យទាំងនោះទាញដាវកាប់ទៅលើបុរសរងគ្រោះជាច្រើនដាវចំដៃមួយចំហៀងស្ទើរតែដាច់ចេញពីស្មាររងរបួសធ្ងន់ រួចក៏លេីកយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣មួយគ្រឿងរបស់ជនរងគ្រោះជិះគេចខ្លួនបាត់អស់ទៅ ។ ពេលនោះប្រជាពលរដ្ឋជិតខាងក៏បានព្យាយាមជួយទៅលើជនរងគ្រោះយកឈើនិងដុំថ្មគប់ទៅលើជនសង្ស័យដែរ តែទោះជាយ៉ាងណាក៏មិនអាចឃាត់យកម៉ូតូជនរងគ្រោះមកវិញបានដែរ ។ 

    បន្ទាប់មកពួកគាត់ជាពលរដ្ឋល្អក៏បាននាំគ្នាយកម៉ូតូសណ្ដោងរុឺម៉កដឹកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុផងដែរ។
    ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចុះមកដល់ រួចសុំឆែកកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដេីម្បីយកទៅធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ៕