2023-11-27 12:11
237

ភ្នំពេញ ៖ បុរសម្នាក់ពីរនាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនសង្គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានរថយន្តម៉ាក ឡិចស៊ីសNX200tមួយគ្រឿងបើកបុកម៉ូតូMSXពេញទំហឹងផ្លោងទៅបុកម៉ូតូធូដេ នៅត្រង់ចំណុចគល់ស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា ធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1IG-5315 យកមកចតនៅចញ្ចើមផ្លូវត្រង់គល់ស្ពានហង្សដើម្បីអង្គុយលេង បន្ទាប់មកក៏មានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ DG-9004 បានធ្វើដំណើរចេញពីកោះពេជ្រ ដោយឆ្លងស្ពានហង្ស ខណៈឆ្លងមកដល់គល់ស្ពាន ស្រាប់តែមានរថយន្តម៉ាក ឡិចស៊ីសNX200t ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា C-NITA99 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានបុកម៉ូតូMSXចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យផ្លោងទៅប៉ះម៉ូតូធូដេ ដែលចតនៅចញ្ចើមផ្លូវទាំងម្ចាស់ បណ្ដាលឱ្យភាគីម៉ូតូទាំងពីរ រងរបួសធ្ងន់ចំនួន០២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះអាយុជីវិត ។ 

    ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់មុខក្រសួងបរិស្ថាន ក៏ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ជាប់ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយមានភាគីរងគ្រោះមកសម្របសម្រួលផងនោះ ទើបភាគីបង្កសុំសងថ្លៃខូចខាត និងព្យាបាលរបួសទាំងពីរនាក់សរុប ៨.២០០$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕