2023-11-27 04:11
229

ព្រះសីហនុ៖ មុខសញ្ញាជនសង្ស័យ ចំនួន ១៧នាក់ ក្នុងនោះស្រី ០៤នាក់ ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់, ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

 ប្រភពពីកងរាជអាវុធហត្ថខេត្រព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនឹងកាន់កាប់អាវុធដោយខុសច្បាប់ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

 ប្រភពបានបន្តទៀតថ មុខសញ្ញាទាំងនោះ ត្រូវបានកម្លាំងចុះបង្រ្កាបក្នុងភូមិសាស្រ្ត ស្រុកកំពង់សីលា និង ក្រុងព្រះសីហនុជាបន្តបន្ទាប់ និងចាប់យកវត្ថុតាង រួមមាន ម្សៅសថ្លា ចំនួន ២៨កញ្ចប់ ទម្ងន់សុទ្ធ ៦២,២៥ក្រាម, ទូរសព្ទ ចំនួន ១២គ្រឿង, ដបជក់ ចំនួន ០៦, បារីអេឡិចត្រូនិច ចំនួន ០៤, ដែកកេះ ចំនួន០៩, ជញ្ជីង ចំនួន ០៣, ខ្សៀ ចំនួន ០៨, ដាវ ចំនួន០១, ម៉ូតូ ចំនួន ០៣គ្រឿង, អាវុធខ្លីកែច្នៃ ចំនួន ០១ដើម, បង់ចំនួន០១, គ្រាប់ចំនួន ១០គ្រាប់ និង ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

 បច្ចុប្បន្នក្រុមជនសង្ស័យសមត្ថកិច្ចបានបញ្ជូនទៅអយ្យការដើម្បីសាកសួរ និងចោទប្រកាន់តាមនិតិវិធីច្បាប់៕