2023-11-28 04:11
211

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះផ្សារ «បុរីសន្តិភាព២» ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញថា តូបប្រមាណ ៤១៩ ត្រូវរងការបំផ្លិចបំផ្លាញអស់ទាំងស្រុង។ នេះបើតាមការណ៍របស់លោកវរសេនីយ៍ត្រី ហាស់ បញ្ញា នាយរដ្ឋប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ចោមចៅ២។

របាយការណ៍ដដែល បានឱ្យដឹងថា នៅវេលាម៉ោង ១និង០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គិភ័យឆាបឆេះក្នុងផ្សារ «បុរីសន្តិភាព២» ទឹកដីខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ បានចេញថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជួយបាញ់ពន្លត់ និងទប់ស្កាត់ដើម្បីកុំឆេះរីករាយដាលដល់លំនៅឋានប្រជាពលរដ្ឋផងដែរ។ 

ក្នុងប្រតិបត្តិការជួយសង្រ្គោះ បង្ការ ទប់ស្កាត់ករណីគ្រោះអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបអស់ ចំនួន ២០គ្រឿង និងប្រើប្រាស់ទឹកអស់ ២៤០រថយន្ដ ស្មើនឹង ៩៦០ម៉ែត្រគូប និងរថយន្ដពន្លត់អគ្គិភ័យស្រាបៀកម្ពុជា ០១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ម៉ែត្រគូប, រថយន្ដពន្លត់អគ្គិភ័យទីក្រុងកោះនរា ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១២ម៉ែត្រគូប, រថយន្ដពន្លត់អគ្គិភ័យ ពលពល (ង៧០) ចំនួន ០៥គ្រឿង ប្រើទឹកអស់ ៣៦ម៉ែត្រគូប និងរថយន្ដពន្លត់អគ្គិភ័យជ្រោយចង្វារ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ៣២ម៉ែត្រគូប។

ហេតុការណីគ្រោះអគ្គិភ័យឆេះផ្សារបុរីសន្តិភាព២នេះ ត្រូវបានរលត់ទាំងស្រុង នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបំផ្លិចបំផ្លាញតូបលក់ដូររបស់បងប្អូនអាជីវករជាង ៤០០តូប ខាតបង់ថវិការាប់សែនដុល្លារ ប៉ុន្តែសំណាងល្អគ្មានមនុស្សរងរបួស និងស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះទេ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្សារ បុរីសន្តិភាព២ មានឈ្មោះ ស្រី ចាន់ថាត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតតាមផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះមូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះកើតឡើង សមត្ថកិច្ចសន្និដ្ឋានអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕