2023-11-29 12:11
159

ពោធិ៍សាត់៖   កូនប្រុសអកត្តញ្ញូបានធ្វើសកម្មភាពគំរាមកំហែងទាលុយពីម្តាយ ចំនួន ១ ៧០០ដុល្លារមិនបានផ្ទំកំហឹងទាយប្រេងម៉ាស៊ូតចាក់ដុតផ្ទះសម្បែងខ្លួនបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់់ទាំងស្រុងក្លាយទៅជាផេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

ករណីកូនប្រុសអប្រិយដុតបំផ្លាញផ្ទះខ្លួនឯងនេះ បានកើតឡើង នៅវេលាម៉ោង ៣និង៣០នាទី សៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិខ្មារ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ហ៊ុន សុផេង អធិការងទទួលផ្នែកព្រហ្មទណ្ឌ ក្រុងពោធិសាត់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯម ចាន់ អាយុ ២៦ឆ្នាំ ភេទប្រុស ត្រូវកូនបង្កើតរបស់ស្ត្រីរងគ្រោះឈ្មោះ សយ ហឿម អាយុ ៦៦ឆ្នាំ មានទីលំនៅចំណុចកើត-ហេតុខាងលើ។ 

លោកអធិការងបន្តថា មុនពេលកើតហេតុជនសង្ស័យបានគំរាមកំហែងលើម្ដាយបង្កើតខ្លួនឲ្យប្រគល់លុយ ចំនួន ១ ៧០០ដុល្លារឱ្យមកខ្លួន ប៉ុន្តែម្ដាយដាច់ខាតមិនឲ្យនោះទេ។ ភ្លាមនោះជនសង្ស័យជាកូនបង្កើតអកត្តញ្ញូផ្ទុះអំពើហិង្សាក្នុងគ្រួសារយកប្រេងម៉ាស៊ូតចាក់លើកំរាលភួយដេករូចក៍ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆាបឆេះផ្ទះទាំងលុយ ចំនួន ១,៧០០ដុល្លារនោះក្លាយផេះខ្ទេចតែម្ដង។

លោកអធិការបានបញ្ជាក់ថា សម្ភារ:ដែលត្រូវភ្លើងឆេះ រួមមាន៖ ផ្ទះ ០១ខ្នង ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្ក, សម្ភារប្រើប្រាស់ក្នុងផ្ទះឆេះក្លាយជាផេះ និងលុយ ចំនួន ១,៧០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលបានឃាត់ខ្លួនបញ្ជូនជនសង្ស័យមកកាន់ការិយាល័យព្រហ្មទណ្ឌក្រុង ដើម្បីបំពេញនិតិវិធីតាមច្បាប់៕