2023-11-29 12:11
148

បាត់ដំបង៖ ក្រុមអ្នកលេងកាំបិតផ្គាក ចំនួន ០២នាក់ បានធ្វើសកម្មភាពស្ទាក់កាប់លើជនរងគ្រោះម្នាក់ទៀត បណ្តាកឱ្យរងរបួសធ្ងន់ដេរ ០៨ថ្នេរ ដើម្បីដោះស្រាយគំនុំចាស់ ប៉ុន្តែច្រឡំគូរសត្រូវលទ្ធផលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ពាក់ព័ន្ធករណីអំពើហិង្សាមានស្ថានទម្ងន់ទោស ព្រួតគ្នាពួនស្ទាក់គប់ទៅលើយុវជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ព្រោះតែច្រឡំថាជាគូរសត្រូវរបស់ខ្លួន។​ សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ 

 ទី១- ឈ្មោះ ហុង គីមហៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង។

ទី២- ឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង។ 

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ខ្លួនបានប្រើប្រាស់ដប និងកែវពូនចាំស្ទាក់គប់ទៅលើជនរងគ្រោះឈ្មោះ សំណាង វឌ្ឃនៈ អាយុ ១៧ឆ្នាំ រស់នៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ត្រូវចំសៀតផ្កាខាងឆ្វេងបណ្ដាលឱ្យរបួសពិតប្រាកដមែន។

ប៉ូលិសបានបញ្ជាក់ថា ជនដៃដល់ទាំង ០២នាក់ បានធ្វើសកម្មភាពស្ទាក់គប់ទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនៅចំណុច ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខណៈពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតាមផ្លូវ។

ជនសង្ស័យទាំង ០២នាក់ បានសារភាពទៀតថាថា «ចំពោះមូលហេតុនៃការប្រើអំពើហិង្សា គឺពួកខ្លួនគប់ច្រឡំទៅលើជនរងគ្រោះ ព្រោះស្មានថាជាគូរសត្រូវរបស់ខ្លួន ទើបពួកខ្លួនទាញដប និងកែវពូនស្ទាក់ចាំគប់ជនរងគ្រោះនៅតាមផ្លូវ ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់បែបនេះ»។ 

ក្រុមជនសង្ស័យក៏បានសារភាព ប្រាប់សមត្ថកិច្ចទៀតថា «ក្រោយពេលប្រើដប និងកែវគប់ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងបានទាញកាំបិតផ្គាក់ទៅពូនចាំកាប់ជនរងគ្រោះជាថ្មីម្តងទៀតផងដែរ ក្រែងជិះម៉ូតូត្រឡប់ក្រោយវិញ»

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងធ្វើការសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង ០២នាក់នោះ ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕