2023-11-29 12:11
156

ពោធិ៍សាត់៖  ក្នុងរយៈពេល ០៣ថ្ងៃ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ បានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានាទូទាំងខេត្តពោធិ៍សាត់ សរុបចំនួន ២៩,៧៩៤នាក់ មានភ្ញៀវជាតិ ចំនួន ២៩,៧៣៣នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ៦១នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា សម្រាប់ចំនួនទេសចរខាងលើនេះ បើប្រៀបធៀបទៅនឹងរយៈពេល០៣ថ្ងៃដូចគ្នាក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរមានការថយចុះប្រមាណ ២៥,៩៧ ភាគរយ។ 

ចំពោះតួលេខការធ្លាក់ចុះនៃភ្ញៀវទេសចរ ដោយសារតែនៅរាជធានីភ្នំពេញ មានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងតាមបណ្តាខេត្តមួយចំនួន ក៏មានរៀបចំការប្រណាំងទូករៀងៗខ្លួន។ ដូច្នេះភ្ញៀវអាចបង្វែរទិសដៅពីការដើរលេងតាមព្រៃភ្នំ ទៅលេងខេត្តជាប់មាត់សមុទ្រ, ប្រាសាទអង្គវត្ត ខេត្តសៀមរាប និងតាមបណ្តាខេត្តនាជាដើម។

សូមបញ្ជាក់ថា អំពីបញ្ហាសន្តិសុខ សុវត្ថិតភាព និងសណ្តាប់ធ្នាប់ ក្នុងរយៈពេល ០៣ថ្ងៃ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទាំងមូលមានសមត្ថភាពល្អប្រសើរជាធម្មតា៕