2023-11-29 01:11
291

ភ្នំពេញ៖       នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ០៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែង ក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ»។ លោក ប៉ែន បូណា បានបញ្ជាក់ថា «នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ភាពអធិកអធម និងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំឮ២០២៣នេះ មានអត្ថន័យច្រើនយ៉ាង៖ ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស។ ទី២៖ ភាពអធិកអធមរយៈពេល ០៣ថ្ងៃនេះ គឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជា ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់ បានចូលរួមធ្វើដំណើរកម្សាន្ត នៅគ្រប់ទិសទី ជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា «វិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩»។ ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាំងពីសម័យសម្តេចតេជោរហូតដល់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន។ ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង ៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕