2023-11-29 03:11
218

ភ្នំពេញ៖ មន្ត្រីយោធាអាងអំណាចស្រវឹងស្រាបើករថយន្តបុកទម្លុះរបងបុរីពិភពថ្មី ត្រពាំងថ្លឹង និងប្រើហិង្សាលើសន្តិសុខនោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ 

 ជនត្រូវចោទមានឈ្មោះ ហ៊ូ សុធា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ ជាមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 សូមជម្រាបថា កាលពីវេលាម៉ោង ១រំលងអាធ្រាត្រាចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូល បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មន្ត្រីយោធាត្រូវចោទ បានប្រើអំពើហិង្សាលើជនរងគ្រោះឈ្មោះ អីម កួក ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ ជាសន្តិសុខ កំពុងយាមប្រចាំការនៅច្រកចូល បុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ភូមិ-ឃុំកើតហេតុខាងលើ។ 

 ជនត្រូវចោទមានឈ្មោះ ហ៊ូ សុធា ពេលនោះស្រាប់តែមានរថយន្ត ០១គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើករថយន្តទៅបុករបង ហើយចូលទៅក្នុងបុរី ឃើញដូច្នោះជនរងគ្រោះ ជាសន្តិសុខ បានទំនាក់ទំនងតាមអាយកូមទាក់ទងទៅប្រធានរបស់ខ្លួន ដើម្បីរាយការណ៍ដែលជនរងគ្រោះឈ្មោះ អីម កួក ត្រូវអ្នកបើកបរវាយមួយពិលបណ្តាលឲ្យមានរបួសហូរឈាមលើផ្ទៃមុខ លុះពេលក្រុមសន្តិសុខ និងសមត្តកិច្ចមូលដ្ឋានទៅដល់ មន្ត្រីយោធារូបនោះបានស្រែកគំរាមរកបាញ់ថែមទៀតផង ។ 

 បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅឃុំខ្លួននៅពន្ធនាគារម២ ព្រៃសជាបណ្តោះសន្នរួចរាល់ហើយ៕