2023-11-29 04:11
193

ខេត្តបន្ទាយមានជ័យ៖      វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣បុរសម្នាក់បានរងរបួសធ្ងន់បាក់ត្រគាក ខណៈក្មេងប្រុសម្នាក់លួចឡើងបើកត្រាក់ទ័រដែលជ្រកម្លប់ក្បែររ៉ឺម៉កដោយម្ចាស់ទុកមិនបានដកសោ នៅ ត្រង់ចំណុចកន្ទួតកោង ខាងត្បូងត្រពាំងវល្លិ៍ប្រេង ខាងកើតដីសហគមន៍កូនខ្លែង ចម្ងាយប្រហែល៦គីឡូម៉ែត្រ ខាងជើងភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក 

 នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថាៈដំបូងឡើយមានឈ្មោះ វុត ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជាម្ចាស់ត្រាក់ទ័រ នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក   បានបើកត្រាក់ទ័រដឹកម៉ាស៊ីនទៅច្រូតស្រូវនៅចំណុចកន្ទួត​កោង ខាងត្បូងត្រពាំងវល្ល៍ប្រេង ខាងជើងភូមិព្រះអណ្តូងចម្ងាយប្រហែល៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ពេលនោះបានដោះក្បាលត្រាក់ទ័រចេញពីរ៉ឺម៉កទៅជួយអូសត្រាក់ទ័រ០១គ្រឿងទៀតដែលកំពុងជាប់ផុង ពេលជួយអូសត្រាក់ទ័រដែលជាប់ផុងនោះរួច បានបើកត្រាក់ទ័រនោះមកទុកដោយមិនបានដកសោចេញនោះឡើយហើយនាំម៉ាស៊ីនច្រូត ទៅច្រូតស្រូវ ។ មួយសន្ទុះក្រោយមកក៏ស្រាប់មានក្មេងប្រុសម្នាក់ឈ្មោះប្រេត ដូ អាយុ ១៣ឆ្នាំ រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី (ក្មេងមានសតិមិនប្រក្រតី)បានលួចឡើងបើកត្រាក់ទ័រយ៉ាងលឿនតាមវាលស្រែ លុះមកកន្លែងទុករ៉ឺម៉កបានជាន់កិនពីលើឈ្មោះ សឺន ធា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិ កូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងគ្នីគ្នា៧ទៅ៨នាក់ទៀតក្រោយដើររើសកួរស្រូវហត់ក៏បានទៅជ្រកម្លប់ក្បែររ៉ឺម៉កត្រាក់ទ័រត្រូវចំត្រគាកបណ្តាលឱ្យបាក់ត្រគាកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកដឹកយកទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុនមង្គលបុរី។

 នគរបាលបានបញ្ជាក់ថាៈក្មេងនោះជាមនុស្សមិនសូវគ្រប់ មានសតិមិនប្រក្រតីដើរចោលផ្ទះ។ ក្រោយកើតហេតុពេលសមត្ថកិច្ចសួរនាំក្មេងនោះឆ្លើយថាគេឡើងបើកត្រាក់ទ័រទៅយកទឹកផឹក ៕