2023-11-30 06:11
190

បន្ទាយមានជ័យ៖ មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ បាននាំគ្នាផ្តិតមេដៃប្តឹងលោក អាង ណារិទ្ធ ជាប្រធានមន្ទីរបច្ចុប្បន្ន ស្នើសុំឱ្យលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្លាស់ប្ដូរចេញពីតួនាទី ព្រោះលោកប្រធានមន្ទីររូបនេះ អនុវត្តតួនាទីភារកិច្ច មានភាពមិនប្រក្រតី និងប្រព្រឹត្តអំពើពុករលួយជាដើម។

 យោងតាមលិខិតរបស់ក្រុមមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ជម្រាបជូនទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាព MSJ TV ទទួលបាន បានឱ្យបញ្ជាក់ថា៖ តាមរយៈអភិបាលខេត្តបន្ទាយមានជ័យ គឺ «សំណើរសុំផ្លាស់ប្តូរលោក អៀង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចេញពីមុខតំណែង»

 ក្រុមមន្ត្រីនៃមន្ទីរសុយោដីខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩) របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីររូបនេះ បានធ្វើឱ្យមន្ត្រីក្រោមឱវាទទាំងអស់ ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តការងារ ដូចជា៖ 

  ទី១- គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមកំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ។ 

  ទី២- ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឱ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស ហើយអត្តនោម័តិតែម្នាក់ឯង។ 

  ទី៣- កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌដែលបម្រើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយនិយាយថា «ពួកគាត់ចុះវាលមុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើឱ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រីក្នុងការផ្ដល់សេវាសាធរណៈ ជូនប្រជាពលរដ្ឋ លើការងារចុះបញ្ជីដីធ្លីដំណើរការយឺតយ៉ាវ»។ 

  ទី៤- នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី។ 

  ទី៥- ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្រ្តីខ្លះត្រូវទទួលបាន ចំនួន ៧លានរៀល ប៉ុន្តែជាក់ស្តែងកាត់នៅសល់ត្រឹមតែ ៣លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្តែងបានតែ ២លានរៀលប៉ុណ្ណោះ។ 

  ទី៦- តម្រូវឱ្យប្រជាពលរដ្ឋបង់លុយ ចំនួន ៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបបទប្រមូលទិន្នន័យក្បាលដី ក្នុង ១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារខេត្ត។ 

  ទី៧- តម្រូវឱ្យប្រជាពលរដ្ឋបង់លុយ ចំនួន ១០០ដុល្លារ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួសដីកាអមលើកទី១ ដែលអស់សុពលភាព។ 

  ទី៨- ពុំមានការលើកចិត្តដល់មន្ត្រីរាជកាដែលបម្រើការងារក្នុងមន្ទីរ មានតែការស្ដីបន្ទោស និងចាប់កំហុស។ 

  ទី៩- ឱ្យមន្ត្រីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខា នៅពេលចុះបេសកកម្មក្រៅខេត្តទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថា «ខ្លួនសកម្មនឹងការងារ»

  ទី១០- ការបំបែកក្បាលដីក្នុងតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ តម្រូវឱ្យម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន ទើបអាចបំបែកក្បាលដីបានប្រសិនបើចរចាគ្នាមិនត្រូវទេ មិនអនុញ្ញាតឱ្យបំបែកក្បាលដីឡើយ ជាក់ស្តែងប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែកដីឡូតិ៍ ចំនួន ០៧ក្បាលដី រួមមានលេខ៖ ០១១០០២១៧-៣៤៧០, ០១០៦០៧០១-០៦១៩, ០១១០០៣០៥-៦១៩៤, ០១១០០៣០៥-៦១៩៥, ០១០៦០២០១-២១៥០, ០១០៦០២០១-២១៤៩, ០១០៩០៥០៦-០០០៨ ធ្វើឱ្យមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឱ្យប៉ះពាល់កិត្តិយសដល់មន្ទីរក៏ដូចជាក្រសួងផងដែរ។ 

  ទី១១- ការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញធ្វើឱ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងលោកប្រធានមន្ទីររូបនេះ ទទួលបានដី ចំនួន ០៥ក្បាលដី រួមមាន លេខ៖ ០១០៤០៥០៥-០៣១៥ ០១០៩០៥១៣-១០៤១,០១០៩០៥១៣-១០៤២, ០១០៩០៥ ៩០៥១៣-១០៤៣,០១០៩០៥១៣-១៦៨៥ ដែលផ្ទុយពីអនុសាសន៍របស់ សម្តេចតេជោហ៊ុនសែន បានលើកឡើងថា «ការដោះស្រាយទំនាស់កុំឱ្យមានផលប្រយោជន៍ក្នុងនោះ»

  ទី១២- ការអនុវត្តនីតិវិធីលើការសុំប្តូរប្រភេទ នៃការប្រើប្រាស់ដី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណៈដាច់ដោយដុំខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្ដីពី ការផ្ដល់សេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

  ទី១៣- ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន។ 

  ទី១៤- ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ មកអួតគំរាមកំហែងមន្ត្រីក្រោមឱវាទ និងចាត់ទុកកូនចៅជាសត្រូវ។ 

 លិខិតរបស់ក្រុមមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រទាំងនោះ បានបញ្ជាក់ថា «អស់រយៈ ៤ឆ្នាំកន្លងមកទោះជាមន្ត្រីគ្រប់រូបខិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយក៏នៅតែខុស និងទទួលបានការស្ដីបន្ទោសរហូតបណ្តាលឱ្យមន្ត្រីសព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចស៊ូទ្រាំចំពោះទង្វើទាំងអស់របស់ លោក អាង ណារិទ្ធ បានតទៅទៀត ទើបពួកគេសម្រេចចិត្តគោរពស្នើសុំលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាពិនិត្យ និងធ្វើការផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យចេញតំណែងតែម្ដង។

 ពាក់ព័ន្ធបញ្ហាជម្លោះផ្ទៃក្នុងរវាងលោកប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ គឺអាចផ្តើមឡើងដោយសាររឿងជម្លោះផលប្រយោជន៍មកពី លោក អាង ណារិទ្ធ ជាប្រធានមន្ទីរច្បាប់យកប្រភពសេដ្ឋកិច្ចទាំងក្នុងមន្ទីរ និងក្រៅមន្ទីររួមទាំងកឹបកេងថវិកាជាតិស៊ីស៊ីស្ទើរបែកពោះម្នាក់ឯង និងបក្ខមួយក្តាប់តូច មិនចេះចែកមន្ត្រីរស់ក៏បែកធ្លាយរឿងអាស្រូវពុករលួយបញ្ច្រាស់ខ្សល់បែបនេះ។

 នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារ MSJ TV មិនអាចទំនាក់ទំនាក់សុំការបកស្រាយបំភ្លឺពីលោក អាង ណារិទ្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានឡើយ៕