2023-12-01 12:12
146

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១០៨នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ Video Conference។

ក្នុងឱកាសនេះផងដែរ យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣នេះ មានចំនួន២១នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ តាមបណ្តាខេត្តទាំង២៤។ 

ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិ ឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវ សម្ភារ ថវិកា មួយចំនួនផងដែរ។ សម្រាប់យោធិន សោធននិវត្តន៍ និងពិការ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង២១នាក់ ក្នុងម្នាក់ៗ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវថវិកា៥០ម៉ឺនរៀល ទឹកសុទ្ធ០២កេស ភេសជ្ជៈ០២កេស, ត្រីខ ០៤យួរ៕