2023-12-01 01:12
199

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងរាជរដ្ឋាភិបាល។ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។

ការលើកឡើងនេះ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកម្មពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ភូមិចាំស្រី (៨៧ បណ្ណ) និងភូមិក្រាំងអាត់ (៥៣ បណ្ណ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋចំនួន១១២គ្រួសារ ដោយមានការចូលរួមពីលោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។


លោក គួច ចំរើន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពងសីលា។

ក្នុងឱកាសនោះ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទុកដាក់បណ្ណកម្មសិទ្ធិរបស់ខ្លួនឱ្យបានល្អគង់វង្ស ព្រោះបណ្ណនេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទីធ្វើការបញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ ព្រោះវាបានបញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្ថិភាពឱ្យយើងជាម្ចាស់ដី តែបើទុកដាក់មិនបានត្រឹមត្រូវ វាក្លាយជាការលំបាក និងគ្រោះថ្នាក់ដល់យើងហើយការធ្វើនេះមានរយ:ពេល១១ឆ្នាំ។ បណ្ណនេះមានអត្ថប្រយោជន៍បញ្ជាក់ពីកម្មសិទ្ធិកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមានប្រព័ន្ធទិន្នន័យជាក់លាក់។

ឆ្លៀតក្នុងឱកាសនេះ លោកបានអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស២នាក់ គឺម៉ូតូ និងម៉ូតូដែលបានបាត់បង់កម្លាំងពលកម្ម ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ ទាំងអស់គ្នា យើងត្រូវតែគោរពច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់ផ្លូវថ្នល់ដោយការប្រុងប្រយ័ត្នចៀសវាងមានគ្រោះ ព្រោះថាអាយុជីវិតមិនទិញមកវិញបានទេ៕