2023-12-01 03:12
191

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកស្រី ឡេ ធី ធូ ហាំង (H.E. Ms. Le Thi Thu Hang) អនុរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់សរុបចំនួន ៨រូប។

នៅក្នុងឱកាសនៃជំនួបនោះលោក នួន ផារ័ត្ន បានជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំយូរអង្វែង។

លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពថ្មីៗដែលរាជធានីភ្នំពេញនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម សម្រេចបាននៅដំណាក់កាលចុងក្រោយនេះ រួមមាន៖ ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីចុងឆ្នាំ២០២២, ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែឧសភា និងមិថុនា ឆ្នាំ២០២៣, និងការរៀបចំប្រកបដោយជោគជ័យ និងមានការចូលរួមខ្ពស់ពីសំណាក់ប្រជាពលរដ្ឋក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣។

លោកបានបន្តជម្រាបជូនគណៈប្រតិភូក្រសួងការបរទេសវៀតណាមថា ក្រោមការបន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តអភិវឌ្ឍឈានទៅមុខ ប្រកបដោយភាពជឿជាក់ខ្ពស់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ជាមួយនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍រួម របស់ប្រជាជនយើង។

ជាការឆ្លើយតប លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជានិងរាជធានីភ្នំពេញសម្រេចបានក្នុង ការរក្សាកំណើនសេដ្ឋកិច្ច ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ និងបានជូនពរដល់ប្រទេសកម្ពុជា និងរាជធានីភ្នំពេញឱ្យសម្រេចបានជោគជ័យ បន្ថែមទៀតនាពេលអនាគត។លោកស្រីក៏បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ភាពងាយស្រួលដល់វិនិយោគិន និងប្រជាជនវៀតណាម ក្នុងការធ្វើពាណិជ្ជកម្ម និងបំពេញការងារនៅរាជធានីភ្នំពេញ និងបានកោតសរសើរដល់ទំនាក់ទំនងការទូតរវាងរាជធានីភ្នំពេញ ជាមួយទីក្រុងសម្ព័ន្ធមេត្រី ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំរាជធានីភ្នំពេញ រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញនាពេលថ្មីៗនេះ។

លោកអភិបាលរង និងលោកស្រី អនុរដ្ឋមន្ត្រី បានឯកភាពគ្នាក្នុងការលើកកម្ពស់បន្ថែមលើទំនាក់ទំនងនៃប្រទេសទាំងពីរ តាមរយៈការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ការផ្លាស់ប្តូរនិស្សិត និងការជំរុញទេសចរណ៍ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕