2023-12-01 03:12
172

(កំពង់ធំ)៖ លោក លី វ៉េត អភិបាលរងខេត្តកំពង់ធំ បានផ្តាំផ្ញើដល់សិស្សានុសិស្សសូមខិតខំរៀនសូត្រ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើង។
លោក លី វ៉េត បានថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

លោកបន្តថា ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ពិតជាទាមទារឱ្យមានការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលជាកន្សោមអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ដូច្នេះ ប្អូនៗត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ។

លោកអភិបាលរងខេត្ត បន្តទៀតថា សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀននឹងឈានទៅលើកកម្ពស់គុណភាពអប់រំ។

ចុងក្រោយលោកបានកោតសសើរចំពោះគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក គាំទ្រគ្រប់ផ្នែកទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តខិតខំ បំពេញការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ស្ថានភាពអប់រំក្នុងខេត្តកំពង់ធំ គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣  មត្តេយ្យសិក្សាមាន២១៥កន្លែង(មត្តេយ្យដាច់ដោយឡែក១៤) សិស្សសរុប១១,៤៣២នាក់ ស្រី៥,៧៣៦នាក់ សាលាបឋមសិក្សាមាន៤៩៧សាលា មានសិស្សសរុប១០៣,៦០៨នាក់ ស្រី៥០,៧៩៧នាក់ អនុវិទ្យាល័យមាន៦៧សាលា មានសិស្សសរុប២៩,៨៥៨នាក់ ស្រី១៦,០៦៥នាក់ វិទ្យាល័យមាន២៥សាលា មានសិស្សសរុប១៧,០៤១នាក់ ស្រីមាន៩.៥៩៥នាក់។

បុគ្គលិកអប់រំគ្រប់កម្រិត សរុប៥.៣១៣នាក់ ស្រី២,៧០៥នាក់ ក្នុងនោះបុគ្គលិក មន្ទីរអប់រំសរុប៩៧នាក់ ស្រី២២នាក់ ក្រុមត្តេយ្យសិក្សាសរុបមាន២៣៨នាក់ ស្រី២៣៦នាក់ គ្រូបឋមសិក្សា២.៨៨៨នាក់ ស្រី១.៥៣៩នាក់ គ្រូបង្រៀននៅអនុវិទ្យាល័យ៨៤០នាក់ ស្រី៣៧២នាក់ គ្រូបង្រៀននៅវិទ្យាល័យ១២៥៣នាក់ ស្រី៥៣៦នាក់៕