2023-12-02 10:12
288

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ សាលាបឋមសិក្សាភ្នំដូនពេញ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកបវរសនកាល ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព លោកស្រី ដួង ដារ៉ាវ៉ាន់ ចៅសង្កាត់រងផ្សារថ្មីទី៣  លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកាសាលា ឯកឧត្តម ប៉ាល ឌិលខាន់ លោក ឡុង ឡៃ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា  គណៈកម្មការគ្រប់គ្រងសាលា, លោកគ្រូ អ្នកគ្រូ និងមានការចូលរួមពីអាណាព្យាបាល មាតាបិតាសិស្សយ៉ាងច្រើនកុះករផងដែរ។

 សូមជម្រាបថា សាលាបឋមសិក្សាភ្នំដូនពេញ គឺជាគ្រឹះស្ថានអប់រំមួយប្រកបដោយបរិស្ថានស្អាត គ្មានសំរាម និងមានវិន័យល្អ និងក្លាយជាសាលាគំរូមួយនៅរាជធានីភ្នំពេញ។

 លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកាសាលាបឋមសិក្សាភ្នំដូនពេញ បានឡើងអានរបាយការណ៍ អំពីការអភិវឌ្ឍន៍ រីកចម្រើន សមិទ្ធផលនានា គឺបានមកដោយមានការចូលរួមជួយឧប្ថម្ភពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស ព្រមសប្បុរជននានា ។

 លោកស្រី អ៊ុង កុលវឌ្ឍនា  បានបន្ថែមទៀតថា  គណៈកម្មការគ្រប់គ្រងសាលាបានខិតខំរៀបចំសួនច្បារចម្រុះពណ៌ ដោយបរិវេណទាំងមូលមានដើមឈើតូចធំអមតាមផ្លូវមានស្លាកសញ្ញាចរាចរណ៍ ពាក្យស្លោកអប់រំ រួមទាំងបង់អង្គុយសម្រាប់ជជែកគ្នាលេង ឬអានសៀវភៅ។ សម្រាប់បន្ទប់រៀននីមួយៗមានការរៀបចំតុបតែងយ៉ាងទាក់ទាញ ដោយមានផ្ទាំងរូបភាព ពាក្យស្លោក និងមានរុក្ខជាតិបៃតងលម្អគ្រប់ទិសផងដែរ។

 លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកា បានបន្ថែមថា «ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចៗ នៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក»

 លោកស្រីនាយិកា សាលាបឋមសិក្សាភ្នំដូនពេញ បានបន្ថែមថា «សាលា មានសោភ័ណភាព បរិស្ថានស្អាតបែបនេះ គឺមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមជុំវិញសាលា សប្បុជននានា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល មាតាមិតាសិស្ស ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបសាលារៀនមានបរិស្ថានស្អាត និងវិន័យល្អបែបនេះ»

 នាឱកាសនោះ លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកាសាលាបឋមសិក្សាភ្នំដូនពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ សប្បុរជននានា មាតាបិតា អាណាព្យាបាលសិស្ស ដែលបានរួមចំណែកជួយកសាងសាលាបឋមសិក្សាភ្នំដូនពេញ តាមរយៈជួយឧប្ថម្ភ ដូចជាសម្ភារៈផ្សេងៗ និងថវិកា ដើម្បីកសាងសមិទ្ធិផលនានា ក្នុងសាលាតែម្តង។

 លោកស្រី ដួង ដារ៉ាវ៉ាន់ ចៅសង្កាត់រងផ្សារថ្មី៣ បានឡើងអាននូវសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ដល់សិស្សានុសិស្សផងដែរ។

 លោកស្រីចៅសង្កាត់រងផ្សារថ្មីទី៣ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

 លោកស្រីចៅសង្កាត់រងក៏បានផ្តាំផ្ញើដល់កូនៗជាសិស្សានុសិស្សត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀនដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាពិសេសជាទំពាំងស្នងឫស្សីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត់។

 លោក អ៊ុំ សុផានិត តំណាងសហគមន៍ បានឡើងបញ្ចេញមតិ និងកោតសរសើរយ៉ាងខ្លាំងចំពោះគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាភ្នំដូនពេញ ដែលបានបង្ហាត់បង្រៀន កូនចៅរបស់ពួកគាត់បានល្អ ហើយបរិស្ថានជុំវិញសាលាមាន សោភ័ណភាព អនាម័យល្អ និងមានវិន័យល្អ។

 ជាមួយគ្នានេះដែរ ដោយមានការចូលរួមពីសំណាក់សហគមន៍ អាជ្ញាធរមូលដ្ឋាន សាលាទទួលបាននូវការជួយឧបត្ថម្ភមួយចំនួនពី: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ និងលោកជំទាវ ពៅ សុភា ព្រមទាំងបុត្របានជួយកសាងនៅសួនផ្កា របស់សាលាបឋមសិក្សា ភ្នំដូនពេញ អស់ទឹកប្រាក់ចំនួន ១២,៣០០,០០០៛(ដប់ពីរលានបីរយពាន់រៀលគត់)

 ឯកឧត្តម ខៀវ គឹមហេង និងលោកជំទាវ សុទ្ធ សុភាព បានជូនបង់ថ្ម ចំនួនបីសល់សាលាបឋមសិក្សា ភ្នំដូនពេញ គិតជាទឹកប្រាក់ចំនួន ៨៦១,០០០៛ (ប្រាំបីរយហុកសិបមួយពាន់រៀលគត់)

 ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ និង លោកជំទាវ នួន ផានី ឧបត្ថម ថវិការ១លាន រៀល ចូលរួមទ្រទង់ក្នុងសាលា

 ថវិកាទទួលបានពី មាតា បិតា អាណាព្យាបាលសិស្សចូលរួមកែលំអបរិស្ថានចំនួន ៥៩៥,០០៛ (ប្រាំរយកៅសិបប្រាំពាន់រៀលគត់) បានទទួលសម្ភារសិក្សាពីលោកស្រី កែវ សុីណាក់ ដែលមានទឹកប្រាក់ចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់)

 បន្ទាប់មកទៀតតំណាងសិស្សានុសិស្សបានឡើងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបង្ហាត់បង្រៀនពួកគាត់នាឆ្នាំសិក្សាកន្លងមកទទួលបានលទ្ធល្អពេលបច្ចុប្បន្ន ក្លាយជាកូនល្អ សិស្សល្អ មានវិន័យ អនាម័យស្អាត ក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូ និងឡើងថ្នាក់គ្រប់ៗគ្នា ក្នុងនោះក៏ជូនបាច់ផ្កាទុកជាការដឹងគុណ ដ៏ធំធេងផងដែរ៕

 ចុងបញ្ចប់នាឱកាសបើកបវេសនកាលឆ្នាំ២០២៣-២០២៤ គណៈអធិបតី និងគណៈកម្មការគ្រប់គ្រងសាលា បានផ្តលជូននូវវង្វាន់លើទឹកចិត្តដល់សិស្សានុសិស្ស ដែលរៀនពូកែជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣  រួមមានសម្ភារៈសិក្សា និងប័ណ្ណសរសើរផងដែរ។ ក្នុងនោះលោកស្រីនាយិកាបានជួយឧប្ថមផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សដែលមានជីវភាពជួបការលំបាកមានដូចជា កាបូប សៀវភៅ ប៊ិច និងថវិកាមួយចំនួនផងដែរ៕