2023-12-03 01:12
199

(បាត់ដំបង)៖ តាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ស្រេង សុខា អភិបាលស្រុកបាណន់ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២០គ្រួសារ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។
   ខ្យល់កន្ត្រាក់ដែលវាយប្រហារលើពលរដ្ឋចំនួន២០គ្រួសារនេះ កើតឡើងកាលពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
   លោកអភិបាលស្រុកបាណន់បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជំរាបជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
   លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែងនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលបង្កឡើងដោយគ្រោះធម្មជាតិគឺខ្យល់កន្ត្រាក់នាពេលនោះ ដែលធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរហូតដល់ផ្ទះខ្លះត្រូវខ្យល់វាយឱ្យរលំដល់ដី ដែលបានបង្កនូវផលលំបាកក្នុងជីវភាពរស់នៅផងដែរ។
   លោក ស្រេង សុខា បានបន្តអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះធម្មជាតិដែលតែងតែកើតមានឡើងដោយមិនមានប្រាប់ឱ្យដឹងមុន ហើយក្នុងនោះជាបន្តបន្ទាប់ ក្រសួងធនធានទឹកនិងឧតុនិយមតែងតែបានចេញសេចក្តីជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ក្នុងការបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។
   លោកបានបញ្ជាក់ថា បើមានជួបនូវគ្រោះធម្មជាតិ សូមប្រញាប់រាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរដែនដី ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះឱ្យបានទាន់ពេលវេលា ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ឱ្យនៅរងគ្រោះនោះឡើយ។
   សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១ កេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ជូនលោកនាយកសាលាបឋមសិក្សាក្រពើជើង ដើម្បីជុសជុលសាលាផងដែរ៕