2023-12-04 12:12
242

ភ្នំពេញ៖     បុរសសង្ហាម្នាក់បានដឹកស្រីកំណាន់ចូលផ្ទះសំណាក់ដើម្បីក្រេបទឹកឃ្មុំ ប៉ុនែ្តក្លាយជាទឹកខ្មេះប្រពន្ធតាមទាន់ក៏បើករថយន្តរត់ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចជ្រុលបុកបង្គោលចរាចរណ៍បង្ហាញផ្លូវ និងតូបព្រះភូមិបាក់ទៅមុខលេងរួចតែម្តង។ 

ហេតុការណ៍ប្រពន្ធតាមទាន់ប្តីកំហូចលួចឆីម្ហូបក្រៅផ្ទះនេះ កើតឡើងនៅវេលាម៉ោង ១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅផ្លូវ ២០៥ កែងផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

តាមអ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្ត TOYOTA PRUSE ០១គ្រឿង ពណ៌ទឹកប្រាក់ ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ហើយក៏ត្រូវប្រពន្ធតាមទាន់ ទើបប្រញាប់ប្រញាល់បើករថយន្តគេចពីប្រពន្ធគេចជ្រុលទៅបុករថយន្ត CRV ពណ៌សំបកឪឡឹក ០១គ្រឿងទៀត នៅផ្លូវបំបែកជាបួន បណ្តាលឲ្យរថយន្តទាំង ០២គ្រឿង ឡើងចិញ្ចើមផ្លូវបុកកន្លែងលក់ដូររបស់ពលរដ្ឋប បាក់បង្គោលចរាចរណ៍បង្ហាញផ្លូវ និងតូបព្រះភូមិរងការខូចខាតបន្ថែមទៀត។ 


ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសកំហូចលួចដឹកស្រីកំណាន់ចូលផ្ទះសំណាក់ដើម្បីក្រេបរសជាតិម្ហូបក្រៅផ្ទះ ត្រូវប្រពន្ធតាមទាន់នេះ មិនមានអ្នករងរបួសទេ ហើយអត្តសញ្ញាមិនត្រូវបានបង្ហាញឲ្យស្គាល់ដែរ។ 


ក្រោយកើតហេតុ តំណាងភាគីទាំងពិរបានមកជួយសម្របសម្រួលគ្នា ដោយភាគីរថយន្ដតូយូតាព្រុស សុខចិត្តសងសំណងទៅលើការខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយប្ដី និងប្រពន្ធត្រូវទៅដោះស្រាយគ្នានៅផ្ទះជាបន្តទៀត តាមវិន័យគ្រួសារផងដែរ៕