2023-12-04 02:12
218

កំពង់ចាម៖  រឿងពិតអញ្ចឹងសោះ! ករណីមានបុគ្គលមួយក្រុមមានគ្នាប្រមាណ ០៣ទៅ០៤នាក់ បានចាប់ចងដៃ ចងជើង និងធ្វើទារុណកម្មដូចសត្វធាតុលើឈ្មោះ អ៊ឹម ហាច ហៅជាងហាច ជាងហួយ ជាអតីតអ្នកកាសែតអនឡានម្នាក់ យកមកបង្ហោះចែកចាយផ្ទុះពេញបណ្តាញសង្គមនោះ ត្រូវបានលាតត្រដាងបញ្ជាក់ការពិតហើយ គឺជាទំនាស់រវាងបុគ្គលនឹងបុគ្គលមិនមានពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចចាប់ចងធ្វើទារុណកម្មឡើយ ហើយករណីនេះ ភាគីទាំងពីរបានសម្របសម្រួលបញ្ចប់រឿងមិនប្តឹងមិនប្តល់គ្នាឡើយ។ 

តាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលក្រុមការងារ MSJ TV ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា៖ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ មានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គមនូវរូបភាពវីដេអូ អំពីបុរសម្នាក់ ត្រូវបានមនុស្សមួយក្រុមចាប់ចងដៃ ចងជើងទាំងពីរ ក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី។ 

ករណីចាប់ចងធ្វើទារុណកម្ម និងថតបង្ហោះ Facebook និង TikTok នេះបានកើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ 

ជនត្រូវបានគេចាប់ចងមានឈ្មោះ អ៊ឹម ហាច ភេទប្រុស អាយុ ៣៧ឆ្នាំ បានអះអាងខ្លួនថា ជាភ្នាក់ងារសារព័ត៌មាន «ស.ព្រ» និងភាគីអ្នកចាប់ចង ជាប្រជាពលរដ្ឋ មានគ្នាចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោញ សោ ចាន់ណារី ភេទប្រុស អាយុ ២៨ឆ្នាំ, ទី២- ឈ្មោះ ម៉ោង គឹមហ៊ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៣- ឈ្មោះ អួន គឹមអាង ភេទប្រុស អាយុ ៣២ឆ្នាំ និង ទី៤- ឈ្មោះ អ៊ឹម ផែន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ 

ចំពោះដើមហេតុនៃរឿងនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបរាប់ថា លោក អ៊ឹម ហាច បានចោទប្រកាន់ ភាគីប្រជាពលរដ្ឋថា បានគុំខឹងនឹងខ្លួនដែលបានថតផ្សាយវីដេអូដឹកឈើតាំងពីពេលថ្ងៃ ហើយដល់ពេលយប់បានតាមដេញម៉ូតូ និងចាប់ចងគាត់នៅចំណុច ផ្ទះលក់គ្រឿងសំណង់ យីហោ «លី សេងហុង»។ ប៉ុន្តែប្រជាពលរដ្ឋ ចំនួន ០៤នាក់ ជាអ្នកធ្វើសកម្មភាពចាប់ចងឈ្មោះ អ៊ឹម ហាច បានបញ្ជាក់ថា ឈ្មោះ អ៊ឹម ហាច បានចូលក្នុងផ្ទះរបស់ពួកគាត់ដោយគ្មានការអនុញ្ញាតិ នៅចន្លោះម៉ោង ២២និង០០នាទីទៅម៉ោង ២៣និង០០នាទីយប់ នាថ្ងៃទី០២ ខែធ្នូ និងបានធ្វើសកម្មភាពថតទីកន្លែងទុកដាក់ឈើ។  ករណីនេះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកជើងព្រៃ និងស្នងការនគបាលខេត្ត ក្រោមការសម្រប សម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការនាំខ្លួនសាកសួរភាគីទាំងពីរដោយប្រមូលភស្តុតាង និងបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញនូវលទ្ធិផលដូចខាងក្រោម៖ 

១- ករណីនេះ គឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គលពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅចាប់ចងឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញសមត្ថកិច្ចនគរបាលកំពុងធ្វើការប្រមូលនិងចងក្រងសំណុំរឿងដើម្បីផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។ 

២- ឈ្មោះ អ៊ឹម ហាច ធ្លាប់ជាអ្នកសារព័ត៌មាន នៅអង្គភាព ស៊ីអិនអិម (CNM) តែត្រូវបានអង្គភាពនេះ បញ្ឈប់ចេញពីអង្គភាព កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងព័ត៌មានឈ្មោះ អ៊ឹម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។ 

៣- ចំពោះករណីដឹកឈើដែលជាកម្មវត្តក្នុងការផ្សាយរបស់លោក អ៊ឹម ហាច គឺជាឈើដែលប្រជាពលរដ្ឋបានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣ខរព/កច ចុះ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពី អាជ្ញាធរមូលដ្ឋាន។ 

៤- លោក អ៊ឹម ហាច បានសារភាពថា «ខ្លួនពិតជាបានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់ភាគីប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាតពិតប្រាកដមែន»។ ដោយឡែកភាគីខាងប្រជាពលរដ្ឋ ក៏បានសារភាពថា «ពួកខ្លួនបានព្យាយាមប្រតាយប្រតប់ ដើម្បីចាប់ជនសង្ស័យ ហើយនាំខ្លួនប្រគល់ជូនមន្ដ្រីនគរបាលយុត្តិធម៌ ដោយមិនមានចេតនាក្នុងការប្រើប្រាស់អំពើហិង្សា ឬអំពើទារុណកម្មផ្លូវកាយទៅលើលោក អ៊ឹម ហាច ឡើយ»។ 

ជាមួយគ្នានេះ ភាគីទាំងសងខាងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តរៀងៗខ្លួន និងស្នើសុំដកពាក្យបណ្ដឹងដោយសំឡីកែប្រែខ្លួនមិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ទៀតឡើយ។ 
៥- ក្រោយពីបានបើកការស៊ើបអង្កេតចប់សព្វគ្រប់ តំណាងអយ្យការបានបញ្ជាឲ្យមន្រ្តីនគរបាលយុត្តិធម៌អនុញ្ញាតឲ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។ 

ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអ្នកបណ្តាញទំនាក់ទំនងសង្គម សូមកុំបន្តបង្ហោះ និងចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឲ្យមានការយល់ច្រឡំ ឬរំខានដល់ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចឡើយ៕