2023-12-04 02:12
224

កែប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើប្រព្រឹត្តកម្មសេដ្ឋកិច្ច គឺជាកិច្ចការសំខាន់ ហើយវិស័យទេសចរជាមួយដ៏សំខាន់ ព្រោះវិស័យនេះវាមានលក្ខណៈខុសពីវិស័យមួយចំនួនទៀត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «វិស័យទេសចរខុសវិស័យផ្សេងៗទៀត គឺទី១- ផលិតផលត្រូវតែផលិត និងប្រើប្រាស់ក្នុងស្រុក វាខុសពីផលិតកម្ម ឧទាហរណ៍ឧស្សាហកម្ម អាចផលិតសម្លៀកបំពាក់ហើយយកទៅឲ្យប្រើប្រាស់ខាងក្រៅប្រទេស ប៉ុន្តែផលិតផលកសិកម្ម ផលិតផលទេសចរ ត្រូវផលិតក្នុងប្រទេស ហើយប្រើប្រាស់ក្នុងកន្លែងតែម្តង»។ 


សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា «យើងមិនអាចធ្វើភោជនីយដ្ឋាននៅកែប រួចហើយវេចខ្ចប់ទៅឲ្យភ្ញៀវទេសចរនៅមណ្ឌលគិរីនោះទេ, យើងមិនអាចយកផលិតផលទេសចរនៅខេត្តសៀមរាប រុញយកទៅប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ, យើងអាចផលិតកាតាប អាហារ,....នាំចេញទៅលក់នៅក្រៅ អញ្ចឹងលក្ខណពិសេសវិស័យទេសចរ គឺនាំមនុស្សមកប្រើប្រាស់នៅហ្នឹងកន្លែង ខុសពីវិស័យមួយចំនួនផលិតរួចនាំចេញទៅឲ្យមនុស្សប្រើប្រាស់នៅក្រៅប្រទេស»។

សម្តេចធិបតីបានបញ្ជាក់ថា «វិស័យផ្សេងៗយើងផលិតសម្ភារៈយកទៅឲ្យទៅរកអ្នកប្រើប្រាស់នៅខាងក្រៅ ប៉ុន្តែវិស័យទេសចរមនុស្សរត់ផលិតផលចំណុចនេះជាសក្កតានុពលដែលយើងជំរុញការអភិវឌ្ឍន៍វិស័យទេសចរនៅនឹងកន្លែង»៕

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរនៅខេត្តកែប»៕