2023-12-04 03:12
250

 ខេត្តកណ្ដាល៖    ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០២៣  គួរឲ្យអាសូរណាស់ ក្មេងស្រីអាយុជាង១ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងទឹកពាង ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សុភ័ស ស្រីភ័ណ្ឌ  អាយុ១ឆ្នាំ៦ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។ 
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ជីម ម៉ីឡា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្ដាយរបស់ក្មេងរងគ្រោះបានឱ្យដឹងថា នៅថ្ងទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប៉ុន្មានមកផ្ទះ១២និង៣០នាទី ពេលដែលខ្ញុំកំពុងរៀបចំហូបបាយជាមួយម្ដាយគាត់ប្រាប់អោយខ្ញុំទៅរកមើលចៅដើម្បីមកញ៉ាំបាយថ្ងៃត្រង់។  ពេលនោះខ្ញុំបានដើររកកូនតែរកមិនឃើញ ស្មានថាកូនគាត់ដើរលេងជាមួយក្មេងៗត្រូវជាបងប្អូនជីដូនមួយនឹងគ្នានៅខាងក្រៅ។ ខណៈពេលក្មេងៗដែលត្រូវបងប្អូនជីដូនមួយវាមកដល់ផ្ទះមិនឃើញជនរងគ្រោះក៏គាត់ជាម្ដាយបានដើររកជុំវិញបរិវេណផ្ទះក៏បានប្រទះឃើញកូនរបស់គាត់នៅក្នុងទឹកពាងដែលមានទឹកកន្លះពាងនៅមុខផ្ទះរួចហើយក៏យកទៅមន្ទីរពេទ្យឯកជនមួយកន្លែង ហើយពេទ្យប្រាប់ថាក្មេងបានស្លាប់ទៅហើយ។  ក្រោយមកក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងជំនាញស្រុកចុះពិនិត្យធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ក្មេងស្រីរងគ្រោះស្លាប់ដោយសារលង់ទឹកពាងប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់ សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕