2023-12-05 08:12
241

ភ្នំពេញ៖ កាសែត និងគេហទំព័រ «រស្មីកម្ពុជា» គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានកេរ្តឈ្មោះបោះសម្លេងល្បីល្បាញគ្រប់មជ្ឈដ្ឋានទាំងថ្នាក់ដឹកនាំកំពូលៗ មហាជន និងមានឥទ្ធិពលអស់រយៈពេលជាង ៣០ឆ្នាំ ត្រូវបានប្រកាសបិទទ្វាជាស្ថាពរ ព្រមទាំងបានរំសាយបុគ្គលិកដែលសេសសល់ចុងក្រោយជាង ២០នាក់ ដែលធ្វើឲ្យពួកគាត់សំដែងការសោកស្តាយយ៉ាងខ្លាំង។ 

ការប្រកាសបិទទ្វារបស់កាសែត «រស្មីកម្ពុជា» ត្រូវបានប្រកាសបិទ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយសារមូលហេតុជួបវិបត្តិហិរញ្ញវត្ថុ ព្រោះគ្មានចំណូលដើម្បីទ្រង់ក្នុងការដំណើររបស់ខ្លួនបន្តទៅទៀត។ 

យោងតាមគណនីហ្វេសប៊ុករបស់លោក Pen Khon ដែលជាបម្រើការងារក្នុងអង្គភាពកាសែត «រស្មីកម្ពុជា» អស់រយៈជាច្រើនឆ្នាំ បានសរសេរខ្លឹមសារបង្ហោះយ៉ាងដូច្នេះថា៖ អរគុណសន្តិភាព  ដែលបានផ្តល់ឱកាសឱ្យខ្ញុំមានការងាររហូតដល់ ៣៧ឆ្នាំ ដោយក្នុងរយៈពេល ៣៧ឆ្នាំនេះ ៧ឆ្នាំខ្ញុំបានបម្រើការងារនៅក្នុងស្ថាប័នបក្ស និងរដ្ឋ និង រយៈ ៣០ឆ្នាំ នៅក្នុងអង្គភាពមួយនេះដោយទាំងយប់ទាំងថ្ងៃមិនថាភ្លៀង ខ្យល់ ត្រជាក់ ឬក្តៅយ៉ាងណាឡើយនៅក្នុងសម័យកាលប្រទេសជាតិមានសង្គ្រាម ចរចារ ការពារបង្រួបបង្រួម ដោយអនុវត្តគោលនយោបាយ «ឈ្នះ-ឈ្នះ» និងការអភិវឌ្ឍន៍រហូតប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ 

លោក Pen Khon បានសរសេរដោយភាពសោកស្តាយថា «យើងខ្ញុំក៏បានមកដល់ថ្ងៃមួយដែលនឹកស្មានមិនដល់ថា កាសែតធំជាងគេ មានឥទ្ធិពលខ្លាំងជាងគេ មានប្រជាប្រិយ៍ជាងគេ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ជាកាសែតមាននិន្នាកាគាំទ្រគណបក្សប្រជាជនកម្ពុជាអស់ពេលបីទសវត្សរ៍មកនេះ បែរជាត្រូវប្រកាសរំសាយមន្ត្រី បុគ្គលិកទាំងអស់ នៃកាសែតរស្មីកម្ពុជា នៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០២៣ បែបនេះសោះ»។ 

សូមជម្រាបថា កាសែត «រស្មីកម្ពុជា» ស្ថិតក្នុងចំណោមកាសែតធំដទៃទៀត ដែលបានដំណើរការអស់រយៈពេល ៣០ឆ្នាំ កន្លងមកបុគ្គលិក និងអ្នកកាសែត ដែលនៅសល់ជាង ២០នាក់ ពួកគាត់បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង។កាសែតរស្មីកម្ពុជា បានបោះពុម្ភផ្សាយលើកដំបូងនៅខែមេសា ឆ្នាំ១៩៩៣ ជាកាសែតប្រចាំថ្ងៃដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា។ 

សូមបញ្ជាក់ថា កាសែតរស្មីកម្ពុជា កាលពីឆ្នាំ២០២០ បសនសម្រេចផ្អាកបោះពុម្ពផ្សាយជាបណ្ដោះអាសន្ននេះ គឺដោយសារតែបញ្ហាហិរញ្ញវត្ថុ និងការកែសម្រួលផ្ទៃក្នុង ដើម្បីឱ្យសមស្របទៅនឹងការវិវឌ្ឍថ្មី និងបានរំសាយបុគ្គលអស់ជាងពាក់កណ្តាល ផ្តូរមកផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក  រហូតចុងឆ្នាំ២០២៣ បានប្រកាសបិទទាំងស្រុងតែម្តង៕