2023-12-05 08:12
343

បាត់ដំបង៖ ទីបំផុត! កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបំបែកសំណុំរឿងករណីឃាតកម្មកាប់សម្លាប់ជនរងគ្រោះរួចញាត់សពចូលគុម្ពោធព្រៃ ដោយឃាត់ខ្លួនជនដៃដល់ ដើម្បីកសងសំណុំបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។ 

តាមប្រភព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីសាកសួរដំណើររឿងពាក់ព័ន្ធករណីឃាតកម្ម លើជនរងគ្រោះឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានប្រទះឃើញដេកស្លាប់ នៅក្នុងគម្ពោតព្រៃ នៅវាលស្រែ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ 

ការឃាត់ខ្លួនជនសង្ស័យដោយអនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោក ស្រេង សុខា អភិបាលស្រុកបាណន់ ដោយបានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបាត់ដំបង និងមានការចូលរួមសហការពីអធិការនគរបាលស្រុកបាណន់ និងប៉ុស្តិ៍បានចុះប្រតិបត្តិការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងករណីឃាតកម្ម ដោយប្រើដំបងវាយ និងកាប់លើជនរងគ្រោះស្លាប់ឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសាកសួរ។ 

នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែ នៅចំណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ បាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ 

សូមរំឭកថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលមួយដោយសារប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ដេកស្លាប់នៅក្នុងគុម្ពោតព្រៃ ស្ថិតនៅវាលស្រែ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកឱ្យជួយស្វែង ព្រោះជនរងគ្រោះបានចេញពីផ្ទះថាទៅបូមទឹកដាក់ស្រែតាំងពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបាត់ដំណឹងសូន្យឈឹងតែម្តង។ 

តាមលទ្ធផល នៃការពិនិត្យកន្លែងកើតហេតុ និងលើសាកសពសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយករណីឃាតកម្ម ទើបផ្តើមធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះ រហូតដល់ការកំណត់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួន ដោយដកហូតបាន រួមមាន ពូថៅ ចំនួន ០១ដើម, ដំបង ចំនួន ០១ដើម, ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែង ពណ៌ខ្មៅ ស្លៀកពេល ធ្វើសកម្មភាព ចំនួន ០១។ 

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា បានឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងកាប់ជនរងគ្រោះឈ្មោះ សួន ហ៊ីង រហូតដល់ស្លាប់ នៅចំណុចកើត-ហេតុខាងលើ ហើយយកសាកសពទៅទម្លាក់ចោលនៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅដោយសារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនញឹកញាប់ពេក។

បច្ចុប្បន្ន នគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕