2023-12-05 02:12
170

ខេត្តបាត់ដំបង៖ ចោរម្នាក់ក្នុងចំណោម ៣នាក់ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចព័ទ្ធចាប់ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចគោ។ 
លោកមេភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថា ៖ នៅក្នុងថ្ងៃចន្ទទី ០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ ១និង៣០ រសៀល មានជនសង្ស័យចំនួន៣នាក់ លួចដឹកនាំសត្វគោរបស់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុមទី ១៥ ភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដល់ទៅចំនួន ៦ក្បាល ដែលគាត់ចងអោយស៊ីស្មៅ ចូលក្នុងចម្ការមៀន នៅជាប់នឹងផ្លូវកៅស៊ូ។
មេភូមិបន្តថា៖ ក្រុមចោរបានបើកឡានតូរីសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 ចម្ងាយប្រមាណ ៥០ម៉ែត្រ ដើម្បីដេញគោទាំងអស់ បញ្ចូលឡានដឹកចេញទៅ … ពេលនោះម្ចាស់គោ កំពុងតែដើររកគោ បានជួបពួកវា យាមនៅច្រកចូល ក៏បានសួរវា , វាថា គោទៅលិចបាត់អស់ហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោ ឮសូរសំឡេងម៉ាស៊ីន ម៉ូតូស្ដាប់ស្គាល់ ក៏បានអើតក រត់ចេញពីព្រៃបង្ហាញខ្លួន ឲ្យម្ចាស់ឃើញដូចបំណងមែន។

មេភូមិបន្តទៀតថា ៖ ម្ចាស់គោ ២នាក់ ប្ដីប្រពន្ធស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរ តាមផ្លូវជួយចាប់ចោរផង ទូរស័ព្ទទៅរកកម្លាំង មានសមត្ថកិច្ចផង ឃើញសភាពការណ៍ ដូចនេះ ចោរយាមផ្លូវម្នាក់ និងម្នាក់ទៀតបានលោតចុះពីឡាន រត់ចូលព្រៃបាត់។ ចំណែកតៃកុងឡាននៅម្នាក់ឯង ថយឡានមកពីក្នុងយ៉ាងលឿនបំផុតជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូ ធ្លាក់ក្នុងប្រព័ន្ធប្រឡាយផ្លូវ មកមុខវិញមិនរួច ក៏ត្រូវបានប្រជាពលរដ្ឋ រួបរួមគ្នា ចាប់បានដូចបំណងប៉ងប្រាថ្នាមែន។ 

ជាមួយគ្នានេះ លោកមេភូមិបានសូមបងប្អូន ប្រជាពលរដ្ឋ មេត្តាមើល ថែទាំព្រទ្យសម្បត្តិផ្ទាល់ខ្លួនជាពិសេសជៀសវាងការបាត់បង់។
សូមបញ្ជាក់ថា៖ កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ កម្លាំងអធិការដ្ឋានស្រុករតនមណ្ឌល មកធ្វើអន្តរាគមន៍ នាំយកចោរម្នាក់ ឡាន១គ្រឿង ព្រមទាំងឱ្យម្ចាស់សត្វគោ ទៅដាក់ពាក្យបណ្តឹង រួចរាល់ និងកំពុងសាកសួរ ជនសង្ស័យតាមនីតិវិធី ៕