2023-12-06 09:12
209

ខេត្តបន្ទាយមានជ័យ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវសិស្សសាលាជិះម៉ូតូបុកបណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងម្ខាងនៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នៅចំណុចស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថាៈមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តកាមរីឆ្លាមពាក់ផ្លាកលេខកំពង់ចាម2A.2915បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតហើយបត់ឆ្វេងកាត់ទទឹងផ្លូវត្រូវយុវជនជាសិស្សសាលាបានជិះម៉ូតូម៉ាក់វ៉េវពាក់ផ្លាកលេខបន្ទាយមានជ័យ1K.6138ដែលបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំត្រូវបានដឹកទៅសង្គ្រោះនៅប្រទេសថៃ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះទៅពិនិត្យនិងសម្រួលចរាចរណ៍ ហើយធ្វើការវាស់វែងបានប្រាប់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តកាមរីឆ្លាមបត់ឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្ន និងយុវជនជាសិស្សសាលាបើកបរម៉ូតូលឿនទើបបណ្តាលឱ្យបុកពេញទំហឹងរងរបួសធ្ងន់ត្រូវបានសង្គ្រោះដោយក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសាច់ញាតិទំនាក់ទំនងរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យប្រទេសថៃ។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា៖ក្រោយធ្វើការវាស់វែងរថយន្តកាមរីឆ្លាមខូចខាតក្រពឹតទ្វារខាងក្រោយខាងស្តាំនិងម៉ូតូម៉ាកវ៉េវអាយរងការខ្ទេចផ្នែកខាងមុខត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕