2023-12-06 03:12
192

ពោធិ៍សាត់៖  ឯកឧត្តម ខួយ វីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទេ្ទស A ទូទាំងខេត្តពោធិ៍សាត់ នាសម័យប្រឡង៖ ទី៦ វិច្ឆិកា ២០២៣ ក្មួយៗទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីរួមចំណែកកសាងការពារជាតិ ព្រមទាំងជួយថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សផងដែរ។។ 

 ពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A បានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទី អភិបាលស្រុកក្រុង កម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សានុសិស្សជាច្រើនរូប។

 ឯកឧត្តម  ខូយ វីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ជាលទ្ធផលធ្វើឲ្យក្មួយៗ ប្រឡងបាននិទ្ទេស A បានជោគជ័យ គឺដោយសារកត្តាច្រើនយ៉ាង ដែលក្នុងនោះ មានដូចជា កត្តាក្មួយៗ បានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ការជំរុញលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល គ្រូបង្រៀន អាជ្ញាធរមានសមត្ថកិច្ចរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងកត្តារួមផ្សំជាច្រើនទៀត។

 នាឱកាសនោះ ឯកឧត្តម ខូយ វីដា អភិបាលខេត្ត បានជូននៅប័ណ្ណសរសើរដល់សិស្សានុសិស្សជាប់ទិទ្ទេស A ទាំង ៣៣នាក់ និងឧមត្ថម្ភថវិកាក្នុងម្នាក់ ១លានរៀល ថតរូបអនុស្សាវរីយ៍ ព្រមទាំងផ្តាំផ្ញើរដល់សិស្សទាំងអស់ឱ្យបន្តខិតខំរៀនសូត្រលុះពេលបញ្ចប់ការសិក្សាដោយជោគជ័យសូមក្មួយៗយកចំណេះជំនាញ ដែលបានរៀនសូត្រមកបម្រើការងារ ដើម្បីជួយអភិវឌ្ឍន៍ខេត្តពោធិ៍សាត់របស់យើង ក៏ដូចជាបំរើប្រទេសជាតិទាំងមូល។ 

 ជាមួយគ្នានេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ក្មួយៗ ត្រូវបើកបរដោយប្រុងប្រយ័ត្នគោរពច្បាប់ចរាចរ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងនៅពេលចេញទៅបន្តនៅថ្នាក់ឧត្តមសិក្សាត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន៕