2024-01-25 10:01
63

ខេត្តក្រចេះ ៖   លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះផ្ទៀងផ្ទាត់ការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល ក្នុងក្រុងក្រចេះ នាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូរវើវីហ្សិនអន្តរជាតិប្រចាំកម្ពុជាផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក គង់ គឹមនី ប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត បានគសបញ្ជាក់ថា ៖  បច្ចុប្បន្ននេះ វិស័យផ្គត់ផ្គង់ទឹកស្អាតកើនបាន ៨៩% និងអនាម័យជនបទគ្រប           ដណ្តប់ចំនួន ៧៤% ប៉ុណ្ណោះ គ្រួសារប្រជាពលរដ្ឋដែលមាន ទម្លាប់ទទួលទានទឹកស្អាតដែលមានសុវត្ថិភាព ៧០% និងគ្រួសារដែលប្រើប្រាស់បង្គន់អនាម័យមានលក្ខណៈបច្ចេសទេស(បង្កន់ចាក់ទឹក) ៧៤%។ ជារួមស្ថានភាពអនាម័យល្អប្រសើជាងមុន និងមានលក្ខណៈ ប្រហាក់ប្រហែលជាមួយបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។ 

លោកបន្តថា ៖ ទន្ទឹមនឹងលទ្ធផលខាងលើ ក្រុមការងារ PWG ត្រូវបន្តខិតខំជម្រុញចំពោះ ស្រុកណាដែល ឃុំ ភូមិ នៅមានស្ថានភាពអនាម័យកម្រិតទាប ។ ក្នុងលទ្ធផលសម្រេចបានលើផ្នែក Hard និង Soft ពាក់ពន្ធ័នឹងអនាម័យ ។ ហើយលោកក៏បានកោតសរសើរចំពោះ ក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដែលបានសហការល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញលើការងារអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធវិស័យនានា និងមានការចូលរួមមិនអាចខ្វះបានពីអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋដើម្បីចូលរួមក្នុងការលើកកម្ពស់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទួលបានជោគជ័យ ។

លោកបន្តទៀតថា ៖ ការប្រតិបត្តិអនាម័យល្អ គឺជាតម្រូវការចាំបាច់ និងមិនអាចខ្វះបាន ព្រោះថា នេះគឺជាគន្លឹះសំខាន់ នៃ ការកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែ អនុវត្តទៅតាមពាក្យស្លោកក្នុងការអប់រំសុខភាពគឺ “ ការពារប្រសើរជាងព្យាបាល” ។

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ សង្ឃឹមជឿជាក់ថាស្ថាប័នពាក់ព័ន្ធនិងទទួលបានចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងទិន្នន័យលើការងារទឹកស្អាត និងការលើកកម្ពស់ អនាម័យជនបទ ដើម្បីយកទៅអនុវត្តតាមបណ្តា ស្រុក (មូលដ្ឋាន) ក្នុងគោលបំណង ដើម្បីលើកកម្ពស់ស្ថានភាពទឹកស្អាត និងអនាម័យ (ODF) ស្របគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំណត់ថា នៅក្នុងឆ្នាំ២០២៥ វិស័យទឹកស្អាត និងអនាម័យជនបទ ទទួលបាន ១០០% និងប្រកបដោយ និរន្តភាព ៕ណូរិទ្ធ (ក្រចេះ)