2024-01-25 04:01
77

 នៅក្នុងពិធីចែករំលែកបទពិសោធន៍ របស់សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១១៩រូប អំពីភាពជោគជ័យសម្រាប់ការសិក្សា ដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ តាមរយៈការចូលរួមផ្ទាល់ និងផ្សាយផ្ទាល់ (Video Conference) ទៅសិស្សគ្រប់សាខានៃសាលាប៊ែលធីអន្ដរជាតិ កន្លងមកនេះ បានបង្ហាញថាមានកត្តារួមផ្សំសំខាន់ៗ៤ គឺទី ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រនិងមានគោលដៅ,ទី២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សានិងជំរុញលើកទឹកចិត្ត, ទី៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែម និងទី៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់           វិស័យ ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង ។

    ក្នុងនាមគណគ្រប់គ្រងសាលា ឯកឧត្តមបណ្ឌិត លី ឆេង បានជំរុញនិងលើកទឹកចិត្ត ចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ ខិតខំសិក្សារៀនសូត្រ              ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ ជាពិសេសបានចែករំលែកបទ ពិសោធន៍ជោគជ័យរបស់ខ្លួន ជូនដល់សិស្សប្អូនជំនាន់ក្រោយដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាពេលខាងមុខ ។ ក្រៅពីការផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់លើការរៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន    ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជួយជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ផងដែរ។

   គួរបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់ ក្នុងនោះ ប្រឡងជាប់ ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់ និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេសចំនួន៣១នាក់៕