2024-01-26 04:01
66

ខេត្តព្រះសីហនុ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង           បង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមករា  ឆ្នាំ២០២៤នេះថា ៖ មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី-ខេត្ត បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

 ជាក់ស្ដែង មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. ប្រចាំខេត្តព្រះសីហនុ  កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានចូលរួមត្រួតពិនិត្យសាច់បង្កកចំនួន១កុងតឺន័រស្របតាមការស្នើសុំកិច្ចសហការពីស្ថាប័នគយ និងរដ្ឋាករប្រចាំក្រុងព្រះសីហនុ។ ក្នុងសកម្ម ភាពត្រួតពិនិត្យគឺស្ថិតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើគុណភាពសាច់ សីតុណ្ហភាព និងឯកសារពាក់ព័ន្ធនានាស្របតាមច្បាប់។ 

 ជាលទ្ធផលឃើញថាសាច់បង្កកទាំងនោះ  គឺមានអនុលោមភាពលើឯកសារ គុណភាព និងសីតុណ្ហភាព និងមន្រ្តីជំនាញបានធ្វើការស្រង់យកសំណាកគំរូបញ្ជូនមកអគ្គនាយកដ្ឋានដើម្បីពិសោធន៍រកមើមេរោគចម្លងបន្ថែមផងដែរ៕